អ្នកគាំទ្រថាក់ស៊ីនបង្កើតសភាក្រហមប្រឆាំងអាមាត្យអាប់ភីស៊ីតទទួលបានពិន្ទុទាបលើនយោបាយសេដ្ឋកិច្ច

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ កន្លង​ទៅ​ក្រុម​មេ​ដឹក​នាំ​អាវ​ក្រហម​មក​ពី​៨​ខេត្ត​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​គឺ​ខេត្ត​ឈៀង​ម៉ៃ ឡាំងប៉ាង ឡាំពូន​ ព្រែណាន​ ឈៀងរ៉ាយ​ ផាយ៉ៅ​ និង​ម៉ែហុងសន បាន​ប្រមូល​ផ្គុំ​គ្នា​នៅ​បរិវេណ​ទី​លាន​ “អនុស្សាវរីយ​ស្ដេច​៣​’នៅ​កណ្ដាល​ក្រុង​ឈៀង​ម៉ៃ​ សំ​រាប់​ធ្វើ​ការ​សច្ចា​បង្កើត​ជា​ក្រុម​តស៊ូ​ទាម​ទារ​ប្រជាធិបតេយ្យ​ឲ្យ​មាន​និន្នាការ​តែ​មួយ​ ។ ក្រុម​តស៊ូ​ទាម​ទារ​ប្រជាធិបតេយ្យ​ខាង​លើ​ មាន​ឈ្មោះ​ថា​”សភា​ក្រហម​’ ឬ “សមាគម​ក្រហម​”ដោយ​មាន​លោក​សារុត​ ប្រាជ្ញ​វីរគុល​ ជា​ប្រធាន​សភា​និង​ចាត់​ទុក​ឈៀង​ម៉ៃ​ ជា​រាជ​ធានី​ ក្នុង​ដំណើរ​ការ​និន្នាការ​តស៊ូ​ដោយ​មាន​លោក​សាងួន​ វង្សមុនី​ សមាជិក​សភា​ ក្នុង​ខេត្ត​ឡាំ​ពូន​ និង​លោក​ថាណេស​ ចារើន មឿង អ្នក​វិទ្យា​សាស្ត្រ​នៃ​មហា​វិទ្យាល័យ​ ឈៀង​ម៉ៃ​ ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​ជា​សាក្សី​ ក្នុង​ការ​ប្រមូល​ផ្គុំ​គ្នា​នេះ​ដែរ ។

មេ ដឹក​នាំ​ក្រុម​អាវ​ក្រហម​ទាំង​អស់​​មាន​ចំនួន​ជាង​៥០​នាក់​ មក​ពី​៨​ខេត្ត​នៅ​ភាគ​ខាង​ជើង​ បាន​ចាប់​ដៃ​រួម​គ្នា​ប្រកាស​ពី​គោល​ជំហរ​ នៅ​ខាង​មុខ​ទី​លាន​ “អនុស្សាវរីយ​ស្ដេច​៣​” ថា​ ក្រុម​អាវ​ក្រហម​នៅ​ភាគ​ខាង​ជើង​នឹង​សហការ​គ្នា​ឲ្យ​បាន​រឹង​មាំ​ក្លាយ​ជា​ផ្លុង​មួយ​ ដើម្បី​តស៊ូ​នឹង​ក្រុម​ “អាមាត្យ” ឬ​ក្រុម​អ្នក​អែប​អប​ និង​ជា​ការ​បង្ហាញ​នូវ​គោល​ជំហរ​ថា ក្រុម​អាវ​ក្រហម​នៅ​ភាគ​ខាង​ជើង​មិន​បាន​បែក​បាក់​គ្នា​ទេ​ ហើយ​សហការ​គ្នា​ជា​ក្រុម​ដែល​មាន​៨​ខេត្ត​​។ សំ​រាប់​ការ​តស៊ូ​លើក​នេះ​ គឺ​មាន​គោល​ដៅ​យ៉ាង​ច្បាស់​លាស់​មួយ​ក្នុង​ការ​ផ្ដួល​រំលំ​ក្រុម​អាមាត្យ​ ឬ​អ្នក​អែប​អប​ ឲ្យ​ស្ថិត​​ក្នុង​គោល​ដៅ​ប្រជាធិបតេយ្យ​​តែ​មួយ​។

លោក​សារុត​ ប្រាជ្ញ​វីរគុល ប្រធាន​សភា​ក្រហម​ នៅ​ភាគ​ខាង​ជើង​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ គោល​ជំហរ​របស់​ក្រុម​អាវ​ក្រហម​ដែល​បង្កើត​នេះ​ ពី​ព្រោះ​ប្រទេស​ថៃ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ខ្វះ​ភាព​យុត្តិធម៌​ ការ​គ្រប់​គ្រង​មិន​ទាន់​មាន​ភាព​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​​ឡើយ​ ដោយ​ស្ថិត​នៅ​​ក្រោម​ការ​គាប​សង្កត់​ ពី​ពួក​អាមាត្យ​ ដែល​រង់​ចាំ​បង្គាប់​បញ្ជា​នៅ​គ្រប់​ពេល​។ ដូច្នេះ​៨​ខេត្ត​នៅ​ភាគ​ខាង​ជើង​ បាន​រួប​រួម​គ្នា​ធ្វើ​ការ​តស៊ូ​ដោយ​មាន​ការ​សច្ចា​ជា​សាកល​ថា​ ជា​ការ​តស៊ូ​ពុះ​ពារ​គ្រប់​ឧបសគ្គ​របស់​សភា​ក្រហម​ ក្រោយ​ពាក្យ​ស្លោក​ថា​ “យើង​នឹង​មិន​បោះ​បង់​ចោល​គ្នា​ទេ​” ។

ហោរា​៣​នាក់​ទាយ​ពី​ថាក់​ស៊ីន

កាសែត​មួយ​របស់​ថៃ​ឈ្មោះ​ “ឃុម​ឆាត់​ លឹក​” កាល​ពី​ថ្ងៃ​៣០​ វិច្ឆិកា បាន​លើក​យក​ការ​ទស្សន៍ទាយ​ជោគ​ជា​តា​រាសី​របស់​អតីត​មេ​ដឹក​នាំ​ថៃ​ (ថាក់​ស៊ីន​)​ ថា នឹង​មាន​ភាព​ថ្កុំថ្កើង​នៅ​ក្រោយ​ថ្ងៃ​ទី​២៦​ មេសា​ ខាង​មុខ​ រួម​ទាំង​បញ្ជាក់​ថា​ ក្នុង​អំឡុង​ខែ​មករា​-មីនា​ ឆ្នាំ​២០១០​ នឹង​កើត​មាន​ការ​ផ្លាស់​ប្ដូរ​ដ៍​ធំធេង​។ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ទី​ភ្នាក់​ងារ​ INN បាន​លើក​ឡើង​ពី​ការ​យល់​ឃើញ​របស់​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បី​ម្នាក់​ គឺ​លោក​ ផានូវ៉ាត​ ផាន់​រីឆាត​គុល​ ដែល​ធ្លាប់​ទស្សន៍ទាយ​ជោគ​ជាតា​រាសី​លោក​ថាក់​ស៊ីន​ ស៊ី​ណា​វ៉ា​ត្រា​តាំង​ពី​ឆ្នាំ​២០០៣​ថា​ ជា​មនុស្ស​ដំបូង​ដែល​នឹង​គ្នា​ផែន​ដី​រស់​នៅ​ ពោល​គឺ​មិន​យល់​ស្រប​តាម​ការ​ទស្សន៍ទាយ​ដែល​ថា​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ នឹង​មិន​វិល មក​ភាព​ល្បី​ល្បាញ​វិញ​ទេ​ក្រោយ​ថ្ងៃ​ទី​២៦​ មេសា​ ២០១០​។

ហោរា​ចិន​សែ​ខាង​លើ​បាន​ធ្វើ​ការ​វិភាគ​លើ​ “ង៉ូវ​ហេង​” (ការ​មាន​សំណាង​) ជា​លើក​ចុង​ក្រោយ​ បន្ទាប់​ពី​បាន​ឃើញ​មុខ​មាត់​តាម​បណ្ដាល​ផ្សព្វ​ផ្សាយ​នានា​ថា​ បច្ចុប្បន្ន​ង៉ូវ​ហេង​ របស់​លោក​ថាក់​ស៊ីន​មិន​ល្អ​ មុខ​មាត់​ស្រងូត​ស្រងាត់​ ធ្វើ​អ្វី​ៗ​ដែល​អ្នក​ផ្សេង​មិន​ធ្វើ​ មាន​លក្ខណៈ ដូច​លោក​សាម៉ាក់​ ស៊ុនដារ៉ាវ៉េត​ ក្នុង​ខណៈ​ដែល​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​ ។ ហោរា​ ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ធ្លាប់​ដាស់​តឿន​លោក​សាម៉ាក់​ ថា​ត្រូវ​លាលែង​ពី​តំណែង​ និង​ត្រូវ​ទៅ​ថែទាំ​សុខ​ភាព​ ប៉ុន្តែ​លោក​មិន​ជឿ​។​ចំពោះ​លោក​ថាក់​ស៊ីន​វិញ​ បើ​តាម​គោល​ការណ៍​ចម្បង​ង៉ូវ​ហេង​ គឺ​បុរស​ដែល​មាន​មុខ​មាត់​ហើម​ នឹង​មាន​បញ្ហា​សុខ​ភាព​ ប៉ុន្តែ​នារី​ជើង​ហើម​ក៏​មាន​បញ្ហា​សុខ​ភាព​ដែរ​។

ចំណែក​លោក​ កេង​កាច​ ជុង​ចៃ​ប្រា​ ជា​គ្រូ​ទាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ បាន​ផ្ដល់​ការ​យល់​ឃើញ​ថា​ បច្ចុប្បន្ន​ជោគ​វាសនា​របស់​លោក​ថាក់​ស៊ីន​មិន​ល្អ​ ចាប តាំង​ពី​ខែ​វិច្ឆិកា​ រហូត​មក​ ដូច្នេះ​នឹង​គ្នា​វិល​ទៅ​រក​ភាព​អស្ចារ្យ​វិញ​ឡើយ​។ ដោយ​ឡែក​ នៅ​ផ្ទះ​របស់​លោក​ថាក់​ស៊ីន​ មាន​លេខ​មិន​ល្អ​ ស្ថិត​ក្នុង​ផ្ទះ​លេខ​៤៧២​​ក្នុង​ពេល​យក​មក​បូក​រួម​គ្នា​គឺ​មាន​ ១៣  ដែល​ជា​លេខ​ដែល​គ្មាន​សិរី​សួស្ដី​ ដោយ​ហោរា​សាស្ត្រ​បញ្ជាក់​ថា​ លេខ​១៣​នេះ​ បើ​សិន​ជា​ជោគ​ជតា​ងើប​ឡើង​ក៏​ខ្ពស់​​​ ហើយ​បើ​ធ្លាក់​ចុះ​ក៏​ខ្លាំង​ ខណៈ​ដែល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ក៏​លេខ​នេះ​ដូច​គ្នា​។

រី​ឯ​លោក​ភីនយ៉ូ​ ភុង​ចារើន​ នាយក​សមាគម​ហោរា​សាស្ត្រ​ជាតិ​ថៃ​ ផ្ដល់​ការ​យល់​ឃើញ​ថា​ បច្ចុប្បន្ន​ផ្កាយ​ព្រះ​ព្រហស្បតិ៍​ បាន​រំកិល​ទៅ​រក​ជោគ​ជតា​រាសី​លោក​ថាក់​ស៊ីន​ ពេល​នេះ​រាសី​មិន​ល្អ​ និង​កើត​មាន​ហេតុ​ការណ៍​ធ្ងន់ធ្ងរ​ និង​គ្មាន​ដែន​ដី​រស់​នៅ​ ហើយ​ក៏​បាត់​បង់​ទ្រព្យ​សម្បត្តិ​។

ស្រប​ពេល​ជា​​មួយ​គ្នា​នេះ​ លោក​ភីនយ៉ូ  ភុងចារើន​ ក៏​បាន​ធ្វើ​​ការ​ទស្សន៍ទាយ​ជោគ ជតា​រាសី​របស់​លោក​អាប់​ភីស៊ីត​ វេចាជីវ៉ា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា​ ត្រូវ​ប្រយ័ត្ន​គ្រោះ​ថ្នាក់​ ពី​ព្រោះ​ផ្កាយ​ព្រហស្បតិ៍​របស់​លោក​រំកិល​​ចូល​ភព​មរណៈ ដូច្នេះ​ខ្លួន​ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ប្រយ័ត្ន​ប្រយែង​ ជា​ពិសេស​ក្នុង​ខែ​កុម្ភៈ -មីនា​ ដោយ​ណែ​នាំ​ថា​ លោក​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត​ ឬ​ខាង​កើត​ឆៀង​ខាង​ត្បូង​ ដែល​អាច​និង​កើត​ហេតុ​ដ៏​អាក្រក់​ភ្លាម​ៗ​បាន​។

អាប់ភីស៊ីត ធ្លាក់​ពិន្ទុ​ខាង​សេដ្ឋ​កិច្ច

អាប់​ភីស៊ីត​ វ៉េចាជីវ៉ា នាយក​រដ្ឋ​មន្ត្រី​ថៃ​ មាន​ភាព​ទន់​ខ្សោយ​ណាស់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ចាប់​តាំង​ពី​រូប​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​មក​ ដោយ​ក្នុង​១០​ពិន្ទុ​ លោក​ទទួល​បាន​ត្រឹម​តែ​៥​,៣​ពិន្ទុ​​ប៉ុណ្ណោះ​ បើ​និយាយ​ការ​ប្រលង​ គឺ​លោក​ជាប់​យ៉ាង​ប្រផឹតប្រផើយ​។​ ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​ក្រុម​អ្នក​ជំនួញ​ធំ​ៗ​បាន​ផ្ដល់​ជូន​លោក​អាប់​ភីស៊ីត​ ចំនួន​៥,៣​ពិន្ទុ​ក្នុង​ ១០​ពិន្ទុ​ ចំពោះ​វិធី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​លោក​។

លទ្ធផល​ខាង​លើ​នេះ​គឺ​ផ្អែក​ទៅ​លើ​សំណួរ​ទាំង​ឡាយ​ដែល​សាក​សួរ​ដោយ​សមាជិក​សភា​ពាណិជ្ជកម្ម​ប្រចាំ​របស់​ថៃ​ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ខេត្ត​ឈៀង​មៃ​ រយៈ​ពេល​៣​ថ្ងៃ​ និង​បាន​បញ្ជាប់​កាល​ពី​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ កន្លង​មក​ ។​ ក្នុង​កិច្ច​ប្រជុំ​នោះ​អ្នក​ចូល​រួម​ចំនួន​៨៥​ភាគ​រយ​ មក​ពី​វិស័យ​​ឯក​ជន​ ចំណែក​១៥​ភាគ​រយ​ទៀត​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ។

លោក​ Thanavath Phonvichai នាយក​មជ្ឈមណ្ឌល​ព្យាករណ៍​សេដ្ឋ​កិច្ច​ និង​អាជីវ​កម្ម​ នៃ​សាកលវិទ្យាល័យ​មួយ​ដែល​បាន​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​ប្រជុំ​បង្ហាញ​ថា​ រដ្ឋាភិបាល​ក្រោម​​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អាប់​ភីស៊ីត​ ជាប់​ការ​តេស្ត​យ៉ាង​​​ប្រផឹតប្រផើយ​បំផុត​។ មេ​ដឹក​នាំ​អាជីវ​កម្ម​មក​ពី​តំបន់​ភាគ​កណ្ដាល​ និង​ភាគ​|​សាន ប្រទេស​ ផ្ដល់​ជូន​លោក​អាប់​ភីស៊ីត​ ចំនួន​៥,៦​ពិន្ទុ​ អ្នក​មក​ពី​តំបន់​ភាគ​ខាង​​ជើង​ផ្ដល់​ជូន​លោក​អាប់​ភីស៊ីត​ ចំនួន​៥,២​ពិន្ទុ​ និង​អ្នក​មក​ពី​តំបន់​ភាគ​ខាង​ត្បូង​ ផ្ដល់​ជូន​លោក​ចំនួន​៥,១​ពិន្ទុ​ ។ ក្នុង​នោះ​ដែរ​ អ្នក​ដែល​ត្រូវ​យក​ធ្វើ​ជា​គោល​ដៅ​ស្ទង់​មតិ​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លប់​បាន​បង្ហាញ​ពី​យោបល់​របស់​ខ្លួន​ថា​ ស្ថិរ​ភាព​នយោបាយ​ជា​កត្តា​ចម្បង​ ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋ​កិច្ច​ ដែល​បន្ត​ដោយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​​សាកល​លោក​ និង​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ និង​វត្ថុ​ធាតុ​ដើម​។

អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​ពាណិជ្ជ​កម្ម​នោះ​មួយ​ចំនួន​និយាយ​ថា​ ភាព​ចលាចល​ ផ្នែក​នយោបាយ​ ជា​បញ្ហា​ចំពោះ​មុខ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ ចំណែក​មួយ​ចំនួន​ធំ​ទៀត​ចង់​ឲ្យ​រដ្ឋាភិបាល​ ដោះ​ស្រាយ​ បញ្ហា​ពុក​រលួយ​ជា​បន្ទាន់​។

អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​ពាណិជ្ជ​កម្ម​ថៃ​ឆ្នាំ​២០០៩​ មួយ​ចំនួន​បាន​ព្យាករណ៍​ថា​ សេដ្ឋ​កិច្ច​របស់​ថៃ​នឹង​កើន​ឡើង​ពី​២​ទៅ​៣​ភាព​រយ​ នៅ​ឆ្នាំ​ក្រោយ​នេះ​ គឺ​ទាប​ជាង​​​ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​ ដោយ​សារ​ជំ​លោះ ផ្នែក​នយោបាយ​ ការ​ឡើង​ថ្លៃ​លុយ​បាត​និង​វិបត្តិ​ធនាគារ​នៅ​ទី​ក្រុង​ឌូបៃ​ ប្រទេស​អារ៉ាប់​រួម​។

លោក Dusit Nontananakom ប្រធាន​សភា​ពាណិជ្ជ​កម្ម​ថៃ​ បាន​ថ្លែង​ថា​ សភា​ពាណិជ្ជកម្ម​​នឹង​ផ្ដល់​អនុសាសន៍​ទាក់​ទង​ទៅ​នឹង​យុទ្ធ​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​នៅ​ សប្ដាហ៍​ក្រោយ​នេះ​។

(អត្ថ​បទ​ដក​ស្រង់​ពី​www.kohsantepheapdaily.com.kh)

Leave a Reply