លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង សហការី ៤ នាក់ផ្សេងទៀត ដែលទទួលបន្ទុកកិច្ចការព្រំដែន បានចូលឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា នៅព្រឹកម៉ោង ៨ និង ៤០ នាទី ថ្ងៃព្រហស្បតិ៍ ទី ២៤ ធ្នូនេះ។
ចំពោះមុខសមាជិកសភា ១០០ រូប ដែលមានវត្តមានក្នុងអង្គប្រជុំរដ្ឋសភានៅព្រឹកនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡឡើងនូវបទអន្តរាគមន៍ចំនួន ៦ ចំនុចធំៗ។ ក្នុងនោះ ក៏មានការបញ្ចាំងស្លាយអំពីផែនទី និង កិច្ចព្រមព្រៀងនានាផងដែរ។
លោក វ៉ា គឹមហុង បានគូសបញ្ជាក់ប្រាប់អង្គសភាថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ និងជាបញ្ហារស៊ើប ដែលប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចាប់អារម្មណ៍ ជាពិសេសអ្នកនយោបាយខ្មែរ តែងតែព្យាយាម លើកឡើងពីបញ្ហាព្រំដែន ដើម្បីទាញប្រជាប្រិយភាព បើទោះបីរដ្ឋាភិបាល ខិតខំពន្យល់យ៉ាងណាក៏ដោយ។
នៅពេលផ្តើមបទអន្តរាគមន៍ដំបូងនេះ លោក វ៉ា គឹមហុង បានលើកបង្ហាញពីកិច្ចព្រមព្រៀង និង សន្ធិសញ្ញានានារវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ដែលមានតាំងពីឆ្នាំ ១៨៧០ រហូតដល់ការចុះសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ លើសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៨៥។
សូមបញ្ជាក់ថា ការឆ្លើយបំភ្លឺរបស់លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ស្តីពី នីតិវិធីនៃការបោះបង្គោលព្រំដែនកម្ពុជា និង ប្រទេសវៀតណាម ក្នុងអង្គប្រជុំរដ្ឋសភាពេលនេះ គឺតបនឹងសំណើរបស់លោកតំណាងរាស្ត្រ សុន ឆ័យ របស់គណបក្សសមរង្ស៊ី។
ក្នុងសំណើ ដាក់ទៅកាន់រដ្ឋាភិបាល កាលពីថ្ងៃ ២៥ វិច្ឆិកា ឆ្នាំ២០០៩ លោក សុន ឆ័យ បានលើកឡើងថា ថ្មីៗនេះ មានការលើកឡើង និង តវ៉ាជាញឹកញាប់ពីសំណាក់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ព្រំដែន និង មតិសាធារណៈជនជាទូទៅថា កិច្ចការបោះបង្គោលព្រំដែន ដែលបាន និង កំពុងប្រព្រឹត្តទៅ នៅតាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសវៀតណាម មានភាពមិនត្រឹមត្រូវ ដូចជា ការខ្វះមន្ត្រីបច្ចេកទេស និង មធ្យោបាយ មិនគ្រប់គ្រាន់ពីខាងភាគីខ្មែរ ជាមួយនឹងនីតិវិធីមិនច្បាស់លាស់ពីការដោះស្រាយលើដីស្រែចំការពលរដ្ឋ ដែលប៉ះពាល់ ដោយការកំណត់ទីតាំងព្រំដែននោះ។
ការតវ៉ារឿងបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ក៏នាំឲ្យកសិករខ្មែរ ២ នាក់ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ចំណែកលោក សម រង្ស៊ី ក៏ត្រូវចោទប្រកាន់ក្នុងរឿងបំផ្លាញបង្គោលតម្រុយព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ អ្នកភូមិ ៣ នាក់ទៀត ក៏ប្រឈមមុខនឹងការតាមចាប់ខ្លួនផងដែរ៕

