រដ្ឋាភិបាល ឆ្លើយបំភ្លឺ​រដ្ឋសភា រឿង​ព្រំដែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ធ្នូ

សកម្មភាពដកបង្គោលតម្រុយព្រំដែន ដែលនាំឲ្យមានការប្តឹងផ្តល់លោកសមរង្ស៊ី។ ករណីនេះ រដ្ឋសភា ក៏ស្វែងរកការពន្យល់ ពីរដ្ឋាភិបាលក្នុងដំណើរបោះបង្គោលកំណត់ព្រំដែនកម្ពុជា និង វៀតណាម។

សកម្មភាពដកបង្គោលតម្រុយព្រំដែន ដែលនាំឲ្យមានការប្តឹងផ្តល់លោកសមរង្ស៊ី។ ករណីនេះ រដ្ឋសភា ក៏ស្វែងរកការពន្យល់ ពីរដ្ឋាភិបាលក្នុងដំណើរបោះបង្គោលកំណត់ព្រំដែនកម្ពុជា និង វៀតណាម។

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន នឹង​ចូល​ឆ្លើយបំភ្លឺ​អង្គប្រជុំ​រដ្ឋសភា នា​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ធ្នូ ឆ្នាំ​២០០៩​ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ​។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ឡើង​ឆ្លើយបំភ្លឺ​អង្គប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អំពី​បញ្ហា​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​កំពុង​មាន​ការប្តឹង​ផ្តល់​លើ​លោក សម រង្ស៊ី​ ។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែល​ធ្វើ​ការបោះបង្គោល​កំណត់​ព្រំដែន​រវាង​កម្ពុជា និង ប្រទេស​វៀតណាម ក៏​ធ្លាប់​បាន​បញ្ជាក់ថា ដំណើរការ​កំណត់​ព្រំដែន​ប្រទេស​ទាំង​ពីរបាន​ធ្វើឡើង តាម​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ ១៩៨៥ និង សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ ​។ ក្នុង​រឿង​នេះ រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​តាម​ច្បាប់ និង បែបបទ​បច្ចេកទេស​សព្វបែបយ៉ាង ព្រោះ​ការបោះបង្គោល​កំណត់​ព្រំដែន​នេះ ជា​រឿង​ប្រទេសជាតិ មិនមែន​លេងសើច​ទេ​ ។

កាលពី​ថ្ងៃ​២៦ ​វិច្ឆិកា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ចុះហត្ថលេខា​លើ​លិខិត​របស់​លោក​តំណាងរាស្ត្រ សុន ឆ័យ និង បាន​បញ្ជូន​លិខិត​នោះ ទៅកាន់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​ ។ នោះ​គឺ ការស្នើ​សុំ​ឯកសារ និង ការពន្យល់​ដោយ​ផ្ទាល់មាត់​ពី​រដ្ឋាភិបាល​លើ​ការបោះបង្គោល​ព្រំដែន ដែល​បាន​ធ្វើឡើង​ដោយ​លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ។

ការស្នើ​សុំ​ការពន្យល់​ពី​កិច្ចការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម ត្រូវបាន​លោក សុន ឆ័យ ធ្វើឡើងដោយ​យោង​លើ​ការតវ៉ា​របស់​ប្រជាកសិករ​ខ្មែរ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លើកឡើង​ពី​ការបាត់បង់​ដីស្រែ​របស់​ពួកគាត់ និង នៅ​តំបន់​ព្រំដែន​ដទៃទៀត​ ។

ក្នុង​សំណើ​នោះ លោក សុន ឆ័យ បាន​លើកឡើង​ថា ថ្មីៗ​នេះមាន​ការលើកឡើង និង តវ៉ា​ជា​ញឹកញាប់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​តំបន់​ព្រំដែន និង មតិ​សាធារណៈ​ជន​ជា​ទូទៅ​ថា កិច្ចការ​បោះបង្គោល​ព្រំដែន ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​នៅតាម​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រទេស​វៀតណាម មាន​ភាព​មិន​ត្រឹមត្រូវ ដូចជាការខ្វះ​មន្ត្រី​បច្ចេកទេស និង មធ្យោបាយមិន​គ្រប់គ្រាន់​ពី​ខាង​ភាគី​ខ្មែរ ជាមួយ​នឹង​នីតិវិធី​មិន​ច្បាស់លាស់​ពី​ការដោះស្រាយ​លើ​ដីស្រែ​ចំការ​ពលរដ្ឋ ដែល​ប៉ះពាល់ដោយ​ការកំណត់​ទីតាំង​ព្រំដែន​ទាំង​នោះ ។

នៅ​ក្នុង​សំណុំរឿង​បោះបង្គោល​ព្រំដែន​កម្ពុជា និង វៀតណាម​នោះ អាជ្ញាធរ​ខេត្ត​ស្វាយរៀងបាន​ប្តឹង​លើ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់ ដោយសារតែ​លោកបាន​ដឹកនាំ​កម្លាំង​អ្នកភូមិចុះ​ទៅ​ដក​បង្គោល​តម្រុយ សម្រាប់​ដំណើរការ​បោះបង្គោល​ព្រំដែន នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី ២៥ តុលា ឆ្នាំ​២០០៩ ​។
បច្ចុប្បន្ន ពាក្យបណ្តឹង​នោះ ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង កំពុងតែ​ចាត់ការ​ ។ យ៉ាងហោចណាស់ មាន​អ្នកភូមិ ដែល​ខ្លះ​ធ្លាប់​បាន​តវ៉ា​ថា ការបោះបង្គោល​កំណត់​កម្ពុជា និង វៀតណាម បាន​ធ្វើឲ្យ​បាត់បង់​ដី​ស្រែ​កសិករ​ខ្មែរ ត្រូវបាន​តុលាការ​កោះហៅ ដើម្បី​ចូល​បំភ្លឺ​តុលាការ នៅ​ថ្ងៃ​អង្គារ​នេះ និង នៅ​ថ្ងៃ​ពុធ​ស្អែក ​។

នៅ​ថ្ងៃ​អង្គារ​នេះ ជំទប់​ទី​២​ឃុំ​សំរោង លោក ពៅ ភាព ដែល​ជា​សមាជិក​គណបក្ស​សមរង្ស៊ី រួម​នឹង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បាវិត​ពីរ​នាក់​ទៀត គឺ លោក សុខ សំ​អៀន និង លោក សុក កន ត្រូវ​ចូល​ឆ្លើយបំភ្លឺ​តុលាការខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​នឹង​រឿង​លោក​សម​រង្ស៊ី ដក​បង្គោល​តម្រុយ​ព្រំដែន​ ។ ចំណែក​នៅ​ថ្ងៃ​ពុធ​ស្អែក កសិករ​ចំនួន ៥ នាក់ ផ្សេងទៀត នៅ​ឃុំ​សំរោង ដែល​បាន​អះអាង​ពី​ការបាត់បង់​ដី​ស្រែ ដោយសារ​ការបោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា និង វៀតណាម នឹង​ត្រូវ​ចូល​ឆ្លើយបំភ្លឺ​តុលាការខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម តាម​ដីកា​កោះហៅ​របស់ លោក​ចៅក្រម​ស៊ើបអង្កេត ឡុង កេស​ភី​រម្យ​ ។

កាលពី​ថ្ងៃ​ទី​១៥​ ធ្នូ​សប្តាហ៍​មុន តា​អាចារ្យ​វត្ត​អង្គរំ​ដិញម្នាក់ និង ពលរដ្ឋ​នៅ​ឃុំ​សំរោង​ម្នាក់ បាន​ចូល​បំភ្លឺ ក្នុងនាម​ជា​សាក្សីលើ​សំណុំរឿង​ចោទប្រកាន់​លោក សម រង្ស៊ី​។
ចំណែក​លោក សម រង្ស៊ី ដែល​ជា​ជន​ត្រូវ​ចោទ​ពី​បទ​ញុះញង់ និង បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​តុលាការ​កំណត់ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ ២៨ ធ្នូ​ ។
ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​សមរង្ស៊ីបាន​លើកឡើង ​ថា សព្វថ្ងៃ​លោក សម រង្ស៊ី កំពុងស្ថិត​នៅ​ប្រទេស​បារាំង​ ។ លោក​សម​រង្ស៊ី នឹង​មិន​ចូល​បង្ហាញខ្លួនតាម​ដីកាកោះរបស់​តុលាការខេត្ត​ស្វាយរៀង​ឡើយ​ ។

សូម​បន្ថែមថា សេចក្តីប្រកាស​របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​២១ ​ធ្នូ ក៏បាន​លើកឡើង​ថា ក្រៅតែពី​ការឆ្លើយបំភ្លឺ​ក្នុង​រឿង​ព្រំដែន ដែល​ជា​ចម្ងល់​របស់អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៣ នីតិកាល​ទី​៤ ដឹកនាំ​ដោយ​សម្តេច ហេង សំរិន នៅ​ថ្ងៃ​ព្រហស្បតិ៍ ខានស្អែក​នេះ ក៏​នឹង​ធ្វើ​ការពិភាក្សា និង អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី អស្សាមិករ​ណ៍​ ។ អស្សាមិករ​ណ៍ ជា​ច្បាប់ ដែល​កំណត់​ពី​ការ​មិន​មែន​ជា​កម្មសិទ្ធិ ពោល​គឺ រដ្ឋាភិបាល​អាច​ដកហូត​នូវ​ដី​ផ្ទះសម្បែង​ទាំងឡាយណា​ក៏បាន ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​សាធារណៈ​ ៕

Leave a Reply