សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់របស់កម្ពុជាចេញទៅប្រទេសឡាវនៅព្រឹក ថ្ងៃពុធ ទី៩ ខែធ្នូនេះ ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៥ ជាផ្លូវការ ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងអោយដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនឹងអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ទៅទីក្រុងវៀងច័ន្ទ ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលថៃលោក អាប់ភីស៊ីត វេចាជីវ៉ា នឹងមានវត្តមាននៅក្នុងប្រទេសឡាវដូចគ្នានៅថ្ងៃនោះ ។ តើសមភាគីទាំងពីរអាចនឹងមានពេលវេលា ឬមានបំណងឆ្លៀតជួបគ្នាដើម្បីពិភាក្សាអំពីជំលោះការទូតដែរឬទេ? មិនមានការអះអាងណាមួយដែលថា លោកទាំង២ អាចនឹងជួបគ្នានោះឡើយ ។
លោក ទិត សុធា ទីប្រឹក្សារដ្ឋាភិបាល និងជាមន្ត្រីអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋ មន្ត្រីបានបញ្ជាក់ថា មិនគម្រោងស្តីពីការជួបគ្នារវាងមេដឹកនាំកំពូលទាំង ២ នាក់ នៅប្រទេសឡាវនោះឡើយ ។ ប៉ុន្តែភាពជាក់ស្តែងយ៉ាងណានោះ គ្មានអ្នកណាដឹងទេ ។ លោក ទិត សុធា បានថ្លែងថា៖ “ យើងគ្មានគម្រោងជួបអ្នកណាទេ ។ ប៉ុន្តែប្រសិនបើលោកនាយករដ្ឋមន្ត្រីថៃបន្ទន់ឥរិយាបទសុំជួបសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះប្រហែលជាសម្តេចនាយករដ្ឋមន្ត្រីអាចពិចារណារអោយជួប ។ យើងដើរតាមក្រោយថៃរហូតទេ ” ។
ចំពោះជំលោះរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងបាងកក លោកនាយករដ្ឋមន្ត្រីឡាវ ប៊ូសន បុប្ផាវ៉ាន់ (Bouason Boupphavanh) ធ្លាប់ត្រូវបានកាសែតថៃដកស្រង់សំដីថា លោកនឹងពេញចិត្តដើរតួជាអ្នកសម្របសម្រួល ប្រសិនបើមានការស្នើសុំនោះ ។ ថ្លែងនៅក្នុងបទសម្ភាស៍ជាមួយកាសែត The Nation លោកនាយករដ្ឋមន្ត្រីឡាវបានអត្ថាធិប្បាយថា៖ “ ប្រសិនបើមិត្តភ័ក្ត្រជិតខាងយើងទាំងពីរផ្តល់កិត្តិយសដល់រដ្ឋាភិបាល ឡាវយើងអោយដើរតួរជាអ្នកសម្របសម្រួលក្នុងជំលោះនេះ យើងនឹងត្រៀមខ្លួនជួយក្នុងបញ្ហានេះ ។ យើងបារម្ភចំពោះជំលោះរបស់ប្រទេសកម្ពុជាថៃ ។ ពីព្រោះថា វាមិនមែនជារឿងល្អសំរាប់អាស៊ាននោះឡើយ ” ។
ទោះជាលើជ្រុងជ្រោយណាក៏ដោយវត្តមានរបស់មេដឹកនាំនៃប្រទេសកម្ពុជា- ថៃ នៅប្រទេសឡាវ ក៏មានសារៈសំខាន់សម្រាប់កីឡាកររៀងៗខ្លួនដែរ ។
អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថា វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការប្រកួតកីឡាក្នុងក្របខណ្ឌអន្តរជាតិនៅក្រៅប្រទេស នឹងរឹតតែលើកទឹកចិត្តដល់កីឡាករកម្ពុជាទាំង ១៣០ នាក់ អោយប្រឹងប្រែងក្នុងការប្រកួតដណ្តើមមេដាយជូនប្រទេសជាតិ ។
នេះគឺជាការប្រកួតកីឡាស៊ីហ្គេមលើកទី២៥ ដែលរៀបចំដោយប្រទេសឡាវ ។ កីឡាស៊ីហ្គេមត្រូវបានបង្កើតជាលើកដំបូងនៅឆ្នាំ១៩៥៨ ដោយសមាជិកស្ថាបនិកចំនួន៦ ប្រទេស នៅក្នុងតំបន់រួមមានកម្ពុជា ភូមា ម៉ាឡេស៊ី ថៃ និងប្រទេសវៀតណាម ។ ហើយការប្រកួតឆ្នាំទី១ ត្រូវបានបើកនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៥៩ ដែលនៅពេលនោះមានកីឡាករសរុបចំនួន ៨០០ នាក់ និង ១២ វិញ្ញាសារ ។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា កម្ពុជាបានចូលរួមជាលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ១៩៦១ នៅប្រទេសភូមា ។ ពេលនោះកម្ពុជាទទួលបានមេដាយ១១ ដែលរួមមានមេដាយមាស១ ប្រាក់៦ និងសំរិទ្ធ៤ ។ ក្នុងឆ្នាំ១៩៧១ នៅប្រទេសម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយសរុប៥២ ដែលរួមមានមេដាយមាស១៧ មេដាយប្រាក់១៨ និងមេដាយសំរិទ្ធ១៧ ។ វាគឺជាឆ្នាំតែមួយដែលកម្ពុជាទទួលបានមេដាយច្រើនជាងបណ្តាឆ្នាំណាៗ ទាំងអស់ក្នុងប្រវត្តិនៃការចូលរួមរបស់កម្ពុជានៅក្នុងស៊ីហ្គេមនេះ ។ នៅក្នុងការប្រកួតឆ្នាំចុងក្រោយនៅប្រទេសថៃ ឆ្នាំ២០០៧ កម្ពុជាទទួលបានមេដាយ១៨ ដែលក្នុងនោះមាន មេដាយមាស២ ប្រាក់៥ និងមេដាយសំរឹទ្ធ១១ ៕
(ដកស្រង់ចេញពី C E N )
