
ជាទូទៅពេលអ្នកធ្វើដំណើរនៅតំបន់ព្រៃភ្នំ ឬតាមតំបន់ខ្ពង់រាបនៃប្រទេសខ្មែរ, ថៃ និងវៀតណាមខាងត្បូង រមែង តែងជួបអ្នកស្រុកប្រើកាំបិតផ្គាក់ជាប់នឹងខ្លួន ។ តើការនិយមប្រើកាំបិតផ្គាក់នេះកើតឡើងតាំងពីពេលណាមក ?
ផ្គាក់គឺជាកាំបិតមួយប្រភេទ ដែលខ្មែរប្រើតាំងពីបុរាណកាលមកម្ល៉េះ ។ ផ្គាក់មានដងវែងធ្វើអំពីឈើ ឬប្ញស្សី ហើយមានផ្លែធ្វើអំពីដែកដ៏មុត ។ គេប្រើកាំបិតផ្គាក់នេះក្នុងកិច្ចការជាច្រើនដូចជា ការត្រួសត្រាយកាប់ឆ្ការព្រៃ ឬក៏ការពារខ្លួនទប់ទល់នឹងសត្វសាហាវក្នុងពេលធ្វើដំណើរជិតឆា្ងយតាម ព្រៃ ភ្នំ ផ្លូវសា្ងត់ ។ កាំបិតផ្គាក់មានប្រយោជន៍ច្រើនប្រការណាស់ក្នុងជីវិតប្រចាំថៃ្ងរបស់ អ្នកស្រុក ក៏ប៉ុន្តែកាំបិតផ្គាក់ក៏ជាអាវុធ ឬសាស្ត្រាវុធមួយគួរឱ្យភ័យខ្លាចក្នុងពេលសង្គ្រាម ។
នៅប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ក៏មានចម្លាក់ផ្គាក់នៅលើជញ្ជាំងថ្មប្រាសាទដែរ ។ ហើយផ្គាក់ដែលយើងបានឃើញនេះ មានទ្រង់ទ្រាយដូចជាផ្គាក់របស់បងប្អូនខ្មែរលើ (ព្នង) យើងដែរ រូបភាពនេះបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរលើយើងមានខឿនវប្បធម៌តែមួយ ជាមួយខ្មែរនៅវាលទំនាប ។
កាំបិតផ្គាក់ត្រូវបានបងប្អូនខ្មែរយើងប្រើតាំងពីសម័យបុរេប្រវត្តិ សាស្ត្រ ជាពិសេសសម័យអង្គរ ។ ដើម្បីទប់ប្រយុទ្ធ តតាំងជាមួយបច្ចាមិត្តកងទ័ពថ្មើរជើងខ្មែរប្រើកាំបិត ផ្គាក់ដើម្បីការពារទឹកដីកុំឱ្យបរទេសឈ្លានពាន ដូចជាចម្លាក់លើ ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ។
រហូតមកទល់បច្ចុប្បន្នខ្មែរយើងនៅតែប្រើកាំបិតផ្គាក់ ជាពិសេសសម័យ ប៉ុល ពត កាន់អំណាចជាងបីឆ្នាំ ទាហាន និងកងឈ្លបដើរទៅណាមកណាកាន់តែកាំបិតផ្គាក់ដែលមានមុខសស្គុះ ហើយពួកគេប្រើកាំបិតនេះសម្លាប់ប្រជាជនខ្តួនឯងអស់រាប់ម៉ឺនសែននាក់ ទៀតផង ។ សព្វថៃ្ងនេះក៏គេនៅតែឃើញប្រជាជននៅខេត្តកំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី និងព្រះវិហារ និយមប្រើផ្គាក់នៅឡើយ ។ ប្រជាជនខ្មែរដែលរស់នៅស្រុកថៃបច្ចុប្បន្ន ក្នុងខេត្តស៊ីសាកេត, នគររាជសីមា, សុរិន្ទ, អ៊ូប៊ុន ក៏នៅតែនិយមប្រើដែរ ។
នៅតំបន់ព្រៃភ្នំ បងប្អូនខ្មែរលើប្រើផ្គាក់ដែលមានផ្លែតាពែកហើយធំ ។ រីឯនៅប្រទេសឡាវ យួន និងសៀម បច្ចុប្បន្ននេះផ្គាក់របស់បងប្អូនខ្មែរនៅទីនោះ ក៏មានលក្ខណៈមិនខុសពីផ្គាក់របស់បងប្អូនខ្មែរលើនៅស្រុកខ្មែរ យើងប៉ុន្មានដែរ ហើយការប្រើប្រាស់ក៏មិនខុសគ្នាដែរ ។ គេសៀតផ្គាក់នៅកន្លែងដែលខ្ពស់ពីដីនៅក្នុងផ្ទះរបស់គេ ។ ជួនកាលគេព្យួរ ឬក៏ដាក់វានៅលើក្បាលដំណេក ។ ក្នុងករណីអាសន្នគេប្រើវាដើម្បីការពាខ្លួន ។
បងប្អូនខ្មែរបានឱ្យតម្លៃផ្គាក់ខ្ពស់បំផុត គឺគេមានតំណមនៅក្នុងការប្រើប្រាស់វាណាស់ ។ សុភាសិតខ្មែរក៏បានចែងអំពីកាំបិតផ្គាក់ដូចជា៖ “ពេលធ្វើបុណ្យទានហាមមិនឱ្យយកផ្គាក់ជាប់ខ្លួន, មិនយកផ្គាក់ដាក់លើក្បាលក្មេង, ដាក់ផ្គាក់មួយអន្លើសិន មុននឹងលើកផ្គាក់កាប់, ដាក់ផ្គាក់លើក្បាលដំណេក, ដេកជាមួយផ្គាក់, លេងផ្គាក់មុតដៃ” ៘
យោងតាមការវិភាគអំពីផ្គាក់ខ្មែរលើ ខ្មែរទំនាបរបស់បណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ថា ផ្គាក់ខ្មែរពិតជាបានកើតចេញពីខឿនវប្បធម៌តែមួយ ហើយវប្បធម៌ផ្គាក់នេះបានប្រសូតចេញតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ម្ល៉េះ ។ សម័យវិទ្យាសាស្ត្រនេះ ទោះជាមានការរីកចម្រើនគ្រឿងអាវុធជាតិផ្ទុះក៏ដោយ ក៏នៅតែមានចំនួនមនុស្សនៅប្រើកាំបិតផ្គាក់ក្នុងជីវភាពប្រចាំថៃ្ង និងការពារខ្លួនដែរ ៕
(ដកស្រង់ចេញពី CEN )
