តាមប្រភពពីកាសែតថៃថ្ងៃទី៧ ធ្នូ បានឱ្យ ដឹងថា អ្នកស្រីស៊ីម៉ារ៉ាក់ណា ណាកខនផានុម ម្ដាយរបស់ ឈ្មោះស៊ីវ៉ារ៉ាក់ ឈូទីពុង វិស្វករថៃ ដែលត្រូវកម្ពុជាចាប់ខ្លួន បានចេញដំណើរមកប្រទេសកម្ពុជាជាលើកទី៣ តាមជើងហោះហើរ PG931 ។ នៅមុនពេលចេញដំណើរ អ្នកស្រីស៊ីម៉ារ៉ាក់ បានឱ្យដឹងថា អ្នកស្រី មានការតាំងចិត្តទៅលើលទ្ធផលនៃការពិចារណារបស់តុលាការហើយ ទោះបីជាចេញមកក្នុងលទ្ធផល បែប ណាក៏ដោយ ប៉ុន្តែក៏សង្ឃឹមថា លទ្ធផលដែលចេញមកនឹងស្ថិតក្នុងស្ថានភាពល្អ។ ចំណែកការប្ដូរមេធាវី ដែលក្រសួងការបរទេសត្រៀមទុកឱ្យ គឺមិនចង់ឱ្យមានការសម្លឹងឃើញថា ជារឿងនយោបាយ ព្រោះថា ផ្លូវណាមួយដែលនឹងជួយឱ្យកូនប្រុសអ្នកស្រីរួចផុតពីទុក្ខទោសបានឆាប់បំផុតនោះនឹងដំណើរការភ្លាម។
ស្របពេលជាមួយគ្នានេះ លោកប្រមពុង នុបរិទ្ធ អ្នកនាំពាក្យគណបក្សភឿថៃ ពេលជូនដំណើរ និងផ្ដល់ ជាកម្លាំងចិត្តដល់អ្នកស្រី ស៊ីម៉ារ៉ាក់ បានយកសារលិខិតដែលលោក ឆាវ៉ាលីត យុងឆៃយុទ្ធ ប្រធាន គណបក្សភឿថៃ ដែលមានព័ត៌មានលំអិតទាក់ទងនឹងសម្ព័ន្ធភាពរបស់ប្រទេសទាំង២ ។ នៅក្នុងសារលិខិត ដែលបានព្រាងទុកថាខ្លឹមសារបញ្ជាក់ថា សូមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រទានទោស ដល់លោក ស៊ីវ៉ារ៉ាក់។ តាមកាសែតថៃមួយដែលនិយាយថា អ្នកស្រីម្ដាយបានឃើញក៏មានអារម្មណ៍ សប្បាយចិត្ត និងបញ្ជាក់ថា គណបក្សភឿថៃ បានធ្វើតាមដូចដែលអ្នកស្រីស្នើសុំឱ្យជួយ។
ប្រភពខាងលើបានឱ្យដឹងថា លោកឆាវ៉ាលីត យុងឆៃយុទ្ធ ដែលជាអ្នកធ្វើសំណើខាងលើបានបញ្ជាក់ឱ្យដឹង ទៀតថា “ម្ដាយរបស់លោកស៊ីវ៉ារ៉ាក់” ប្រហែលជាយល់ថា លោក ស៊ីវ៉ារ៉ាក់ មិនធ្លាប់ស្ថិតក្នុងមន្ទីរឃុំឃាំង ក្នុងរយៈពេលយូរ។ ហេតុដូច្នេះហើយ ទើបអ្នកស្រីតប់ប្រមល់ក្នុងចិត្ត កើតមានការមិនសប្បាយរីករាយ ក៏បានសម្រេចចិត្តសុំការអនុគ្រោះ និងសូមឲ្យរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះ។ ទោះជាបែបណាក៏ដោយ អ្វីដែលសំខាន់ក្នុងពេលនេះ គឺចង់ឱ្យជនជាតិថៃវិលត្រឡប់ទៅផ្ទះឱ្យបានលឿនបំផុត និងជឿថា ក្រោយពី ថ្ងៃទី៨ ធ្នូ ដែលតុលាការកម្ពុជាបើកសវនាការ នឹងមានដំណឹងល្អក្នុងថ្ងៃទី៩-១០ធ្នូដែលអាចទទួលបាននូវការដោះលែង។
លោកឆាវ៉ាលីត យុងឆៃយុទ្ធ ប្រធានគណបក្សភឿថៃ បានគូសបញ្ជាក់ថា ការដែលអ្នកស្រីស៊ីម៉ារ៉ាក់ ម្ដាយរបស់ស៊ីវ៉ារ៉ាក់ ដែលជាប់ក្នុងពន្ធនាគារកម្ពុជា ធ្វើការសម្រេចចិត្តមិនដាក់សំណើសុំឱ្យនៅក្រៅឃុំ និង ការបានប្តូរមេធាវីដើម (ចាស់) ដែលក្រសួងការបរទេសរៀបចំឲ្យមកជំនួសមេធាវី ដែលគណបក្សភឿថៃ រៀបចំឱ្យ គឺមិនមែនជាផ្នែកនយោបាយរបស់គណបក្សភឿថៃ ដូចដែលមានការរិះគន់នាពេលកន្លងមកទេ ប៉ុន្តែបើសិនជាមានការស្នើសុំឱ្យនៅក្រៅឃុំគឺត្រូវតែតស៊ូរឿងក្ដីក្នុងរយៈពេលយូរ។
ហេតុដូច្នេះទើបធ្វើឱ្យម្ដាយរបស់លោក ស៊ីវ៉ារ៉ាក់ យល់ឃើញថា ទោះជាតុលាការសម្រេចចេញមកក្នុង លទ្ធផលបែបណាក៏ដោយ ប្រហែលនឹងបានជួយសង្គ្រោះពីកម្ពុជា រួមទាំងការស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រកម្ពុជាផងដែរ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា នៅថ្ងៃទី៨ ធ្នូ តុលាការនឹង បើកសវនាការ ហើយរឿងនេះរដ្ឋាភិបាលមិនមានសិទ្ធិបង្គាប់បញ្ជាតុលាការទេ ។ លោកបានបញ្ជាក់ថា មក ដល់ពេលនេះ (ម៉ោង៥ល្ងាច ថ្ងៃទី៧ ធ្នូ) យើងមិនទាន់បានទទួលលិខិតណាមួយនោះទេ យើងគួរតែរង់ ចាំថ្ងៃស្អែកដែលតុលាការនឹងបើកសវនាការ។
(អត្ថបទដកស្រង់ពីកាសែត www.kohsantepheapdaily.com.kh)
