មេបញ្ជាការកងពលអន្តរាគមន៍លេខ ៣ប្រចាំតំបន់សមរភូមិប្រាសាទព្រះវិហារ លោកឧត្តមសេនីយទោ ស្រី ឌឹកបានអះអាងអោយដឹងនៅថ្ងៃនេះថា កូនទាហានរបស់លោកម្នាក់បានស្លាប់កាលពីរសៀលថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីរូបគេបានដើរជាន់មីននៅប៉ែកជណ្តើរខាងកើតឡើងភ្នំប្រាសាទ ព្រះវិហារ។
លោកឧត្តមសេនីយស្រី ឌឹកបានរៀបរាប់ថា ក្រុមទាហានរបស់លោកត្រូវជួយជញ្ជូនសំភារៈដើម្បីជួសជុលជណ្តើរចាស់ ខាងកើតឡើងភ្នំប្រាសាទព្រះវិហារ។ ហើយតាមពិត ផ្លូវឡើងចុះនេះ ក៏ត្រូវបានក្រុមអង្គភាពដោះមីនសំអាតរួចរាល់ហើយដែរ។ តែបើតាមលោក ស្រី ឌឹក ក្រុមអ្នកដោះមីនសំអាតមិនអស់។
នេះជាលើកទី ២ហើយដែលទាហានកម្ពុជាបានដើរជាន់មីននៅក្នុងតំបន់ព្រំដែនប្រាសាទ ព្រះវិហារ តាំងពីកងទ័ពកម្ពុជាបានឡើងមកបោះទីតាំងការពារបូរណភាពទឹកដីនៅ ទីនោះ។ កាលពីឆ្នាំកន្លងទៅ ទាហានម្នាក់បានដើរប៉ះនឹងមីន តែមិនបានបង្កអោយគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
ក្រៅពី ឧប្បត្តិហេតុនេះ លោកមេបញ្ជាការស្រី ឌឹកថ្លែងថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរនៅក្នុងព្រំដែនមានសភាពស្និទ្ធស្នាល ល្អ។ កាលពីព្រឹកម៉ោង ១០ថ្ងៃចន្ទម្សិលមិញ ឧត្តមសេនីយទោ ស្រី ឌឹកមេបញ្ជាការកងពលអន្តរាគមន៍លេខ ៣ប្រចាំតំបន់ប្រាសាទព្រះវិហារបានជួបផ្លាស់ប្តូរយោបល់អំពីស្ថានភាព ព្រំដែនជាមួយ អនុគណៈសមរភូមិរបស់ថៃប្រចាំការតំបន់ទល់មុខប្រាសាទព្រះវិហារ។
ជំនួប ត្រូវបានរៀបចំនៅតំបន់សំបុកឃ្មុំ ក្បែរជើងជណ្តើរប្រាសាទព្រះវិហារ។ យោងតាមការអះអាងរបស់លោកឧត្តមសេនីយស្រី ឌឹកភាគីទាំងពីរមើលមិនឃើញពីភាពមិនប្រក្រតីនៅតាមតំបន់ឈរជើង ទល់មុខគ្នារវាងកងទ័ពទាំងពីរនោះឡើយ។
នៅតែបញ្ហាជំលោះការទូតនៅ ក្នុងថ្នាក់រដ្ឋាភិបាលទេ ដែលគេនៅមិនទាន់មានឃើញពន្លឺនៃការបន្ធូរបន្ថយភាពតានតឹងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួងធ្លាប់បានបញ្ជាក់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ អាស្រ័យលើប្រទេសថៃទេ។ ពោលគឺ ល្គឹកថាក្រុងបាងកកបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនមកភ្នំពេញវិញ រដ្ឋាភិបាលកម្ពុជាក៏នឹងបញ្ជូនឯកអគ្គរាជទូតខ្លួនទៅក្រុងបាងកកវិញ៕
