ទាហានសៀមបាញ់អ្នកឡើងភ្នំដងរែកស្លាប់ម្នាក់ របួសម្នាក់ចាប់ខ្លួន៨នាក់

ខេត្ត​ឧត្តរ​មាន​ជ័យ​៖​ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ ​ម្នាក់​រង​របួស​ និង​៩​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ទាហាន​សៀម​ចាប់​ខ្លួន​ក្នុង​ហេតុ​ការណ៍​អូស​ឈើ​គ្រញូង​លើ​ខ្នង​ភ្នំ​ដង​រែក​ ​នៅ ​ព្រឹក​ថ្ងៃ​ទី​៥ ​និង​៦ ​ធ្នូ ​កន្លង​មក ​។
ទាក់​ទិន​ទៅ​នឹង​បញ្ហា​កាប់​ និង​អូស​ឈើ​គ្រញូង​ ទំ លាក់​ចុះ​ពី​កំពូល​ភ្នំ​ដង​រែក​តាម​ព្រំ​ដែន​ខ្មែរ​-​សៀម​នេះ ​បើ​គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​នោះ ​តាម​របាយ​ការណ៍​ពី​សមត្ថ​កិច្ច​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​ស្មាច់​ ​និង​ច្រក​អន្តរ​ជាតិ​ ​ជាំ​របស់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​គិត​ពី​ដើម​ខែ​មករា​ រហូត​ដល់​ដំណាច់​ខែ​វិច្ឆិកា​ ២០០៩​ កន្លង​មក​នេះ ​ប្រជា​ ពល​រដ្ឋ​ខ្មែរ​ដែល​នាំ​គ្នា​ឡើង​ភ្នំ​ទៅ​កាប់​ឈើ​គ្រញូង​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​ បាញ់​សម្លាប់​៤​នាក់​ របួស​៣​នាក់​ ព្រម​ទាំង​ចាប់​ខ្លួន​បាន​៩៦​នាក់​រួច​មក​ហើយ​។ ដូច្នេះ​បើ​សិន​ជា​បូក​នឹង​តួ​លេខ​ក្នុង​ហេតុ​ការណ៍​ ដែល​បាន​កើត​ ឡើង​នៅ​ដើម​ខែ​ធ្នូ​នេះ ​គឺ​ទាំង​អ្នក​ស្លាប់​អ្នក​របួស​ និង​អ្នក​ត្រូវ​ចាប់​ខ្លួន​មាន​ការ​កើន​ឡើង​។
យោង​តាម​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ គឺ​បង្ហាញ​ថា​ ទោះ​បី​មាន​វិធាន​ការ​ជា​ហូរ​ហែ​របស់​អាជ្ញាធរ​ ក៏​ដោយ​ក៏​ប្រជា​ពល​រដ្ឋ​មិន​បាន​គោរព​តាម​នោះ​ទេ ​ដោយ​នៅ​តែ​លួច​ឡើង​ភ្នំ​កាប់​ឈើ​ដដែល​ ជា​ពិសេស​ គឺ​ស្រុក​ត្រពាំង​ប្រាសាទ​ ដែល​តែង​កើត​មាន​បញ្ហា​នេះ​រៀង​រាល់​លើក​។ ​ការ​បាញ់​រះ​ជា​បន្ត​បន្ទាប់​មក​លើ​ក្រុម​ អ្នក​លួច​កាប់​ឈើ​ខ្មែរ​នេះ ​ត្រូវ​បាន​ភាគី​សៀម​ និយាយ​ថា ​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ។​ ទោះ​បី​ជា​ បែប​ណា ​មន្ត្រី​ស្រុក​ត្រពាំង​ប្រាសាទ​បាន​និយាយ​ថា​ យើង​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​ឡើង​ ទៅ​លើ​ភ្នំ ​ព្រោះ​តែ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​ ព្រោះ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​សៀម​ កំពុង​ក្លាយ​ជា​ ការ​ប្រទង់​ប្រទាញ​គ្នា​ដែល​មិន​ច្បាស់​លាស់​ទេ​ ។ ការ​ទប់​ស្កាត់​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធ​ភាព​សោះ ​ទើប​ រឿង​ដដែល​ៗ​តែង​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​។
តាម​សេចក្ដី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ​មាន​ហេតុ​ការណ៍​បាន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា ​ដែល​ករណី​ទី​១ ​បាន​កើត​ ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥ ​ធ្នូ ​ខណៈ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដង​រែក​ ចំនួន​១០​នាក់​ ដោយ​មាន​រទេះ​សំ រាប់​អូស​ឈើ​គ្រញូង​ និង​ម៉ាស៊ីន​ត្រង់សឺន័រ​ចំនួន​២​គ្រឿង​ផង​ ។ ​ក្រុម​អ្នក​ ឡើង​ភ្នំ​នេះ ​ត្រូវ​ទាហាន​សៀម​បាញ់​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ជាន់​មីន​ដាច់​ជើង​ទាំង​សង​ខាង​ម្នាក់​ នៅ​ចំណុច​ទល់​មុខ​កង​កម្លាំង​ កង​ពល​លេខ​៨​ការ​ពារ​ព្រំ​ដែន​ខាង​កើត​ក្បាល​អូរ​៥០​ ឆៀង​ខាង​ជើង​អូរ​ចាក់​ ច្រែង​ ក្នុង​ភូមិ​អូរ​ត្រាំ​ប៉ោង​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ។​ ករណី​ទី២​-​ទាហាន​សៀម​ បាន​បាញ់​រះ​មក​លើ​ប្រជា​ពល​រដ្ឋ​ចំនួន​ជិត​៤០​នាក់​ ដែល​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដង​រែក​នៅ​ចំណុច​ស្រែ​ល្អ ​ឃុំ ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៦​ ធ្នូ​ កន្លង​ទៅ ​ហើយ​ចាប់​បាន​៨​នាក់​ និង​រត់​រួច​ចំនួន​២៦​នាក់​មក​ដល់​លំ​នៅ​ឋាន​វិញ​។
យោង​តាម​សេចក្ដី​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា ​ទាក់​ទង​នឹង​ហេតុ​ការណ៍​ លើក​ទី​១ ​ក្រុម​ទាហាន​ឈុត​ខ្មៅ ​និង​ក្រុម​មន្ត្រី​ព្រៃ​ឈើ​សៀម​ ដែល​ដើរ​ល្បាត​បាន​ជួប​ប្រទះ​ប្រជា​ពល​រដ្ឋ​ ខ្មែរ​ក៏​ផ្ទុះ​អាវុធ​ប្រហែល​៤០​ទៅ​៥០​គ្រាប់​ កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​៥ ​ធ្នូ ​បណ្ដាល​ ឱ្យ​រង​របួស​ខ្មែរ​ម្នាក់​ ត្រូវ​ចំ​ភ្លៅ​ខាង​ស្តាំ​មួយ​គ្រាប់​ ហើយ​ត្រូវ​ទាហាន​សៀម​ចាប់​បាន​ និង​យក​ទៅ​ មន្ទីរ​ពេទ្យ​តែ​បាន​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ​។ ​សព​ត្រូវ​បាន​តម្កល់​ទុក​នៅ​ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសា​កេត​។
តាម​ប្រភព​ព័ត៌​មាន​ថា ​ក្រុម​ទាហាន​សៀម​បាន​យក​រទេះ ​និង​ម៉ាស៊ីន​ត្រង់សឺន័រ​២​គ្រឿង​ ដុត​កម្ទេច​ចោល​ផង​ ដែរ​។​ ចំណែក​ឈ្មោះ​នាង​ ភៀង​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ដែល​គេ​ដឹង​ថា​ ជា​ទាហាន​ក្នុង​កង​វរ​លេខ​៨១​ កង​ពល​លេខ​៨​បាន​ជាន់​មីន​ដាច់​ជើង​ទាំង​សង​ខាង​ នៅ​ចំណុច​វាល​ថ្ម​ដា​ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ការ​ សង្គ្រោះ​ កាល​ពី​ថ្ងៃ​ទី​៦​ តុលា​ ។​ អ្នក​ដែល​ស្លាប់​ត្រូវ​បាន​ឱ្យ​ដឹង​ថា ​ឈ្មោះ​មាស​ ក្អូន​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង​ស្រុក​ត្រពាំង​ប្រាសាទ​។
យោង​តាម​សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា ​ករណី​ទី​២ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃ​ទី​៦​ ធ្នូ​​ ដោយ​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម​មាន​គ្នា​៣០​-​៤០​នាក់​ បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដង​រែក​ ចំណុច​វាល​ថ្ម​ដា ​ស្ថិត​ នៅ​ក្នុង​ភូមិ​ស្រែ​ល្អ ​ឃុំ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​ ត្រូវ​បាន​ក្រុម​ទាហាន​សៀម​បាញ់​ និង​ព័ទ្ធ​ចាប់​ បាន​ចំនួន​៨​នាក់​ ហើយ​រត់​រួច​២៦​នាក់​មក​ដល់​លំ​នៅ​ឋាន​វិញ​។
លោក​​វរសេនីយ៍ត្រី​ តាន់​ ​អធិការ​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​បញ្ហា​ នេះ​កើត​ឡើង​ លោក​បាន​ដឹក​នាំ​កម្លាំង​ប៉ូលិស​ ចុះ​ទៅ​តាម​បណ្ដា​ឃុំ ​ដើម្បី​ស៊ើប​សួរ​រក​អ្នក​ដែល​ទើប​តែ​រត់​ រួច​ពី​ការ​ដេញ​បាញ់​ពី​សំណាក់​ក្រុម​ទាហាន​ឈុត​ខ្មៅ​សៀម​ និង​បាន​ឃើញ​ចំនួន​៦​នាក់​ មក​ពី​ភូមិ​ពង្រ​ ឃុំ​ពង្រ​ ស្រុក​បារាយណ៍ ​ខេត្ត​កំពង់​ធំ ​។​ តាម​ការ​សាក​សួរ​ទៅ​លើ​ឈ្មោះ​ប៉ុន​ ប៉ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​-​ឃុំ​ខាង​លើ ​បាន​ឆ្លើយ​ថា​ នៅ​ថ្ងៃ​ទី​២​ ធ្នូ​ មាន​គេ​មក​ទាក់​ទង​ឱ្យ​ទៅ​ស៊ី​ឈ្នួល​អូស​ឈើ​គ្រញូង​ លុះ​ដល់​នៅ ​ថ្ងៃ​ទី​៥ ​ធ្នូ​ ពួក​ខ្លួន​ដែល​មក​ពី​ស្រុក​ក៏​នាំ​គ្នា​ឡើង​ភ្នំ​ដោយ​មាន​អ្នក​នាំ​ផ្លូវ​ផង​ដែរ​។ ​លុះ​ពេល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដង​រែក​ ស្រាប់​តែ​មាន​ទាហាន​សៀម​ដេញ​បាញ់​ ហើយ​ពួក​ខ្លួន​ទាំង​៦​នាក់​បាន​នាំ​គ្នា​រត់​ចុះ​មក​ដល់​ភូមិ​វិញ​នៅ​ថ្ងៃ​ទី​៦​ធ្នូ​។
បន្ទាប់​មក​ ​សមត្ថ​កិច្ច​ប៉ូលិស​បាន​នាំ​មក​អធិការដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ​ ធ្វើ​ការ​អប់រំ​ និង​ព្រមាន​ឱ្យ ​ធ្វើ​កិច្ច​សន្យា​ផ្ដិត​មេ​ដៃ​ឈប់​ឡើង​ទៅ​កាប់​ឈើ ​និង​ដោះ​លែង​ ឱ្យ​ទៅ​ផ្ទះ​វិញ​ ។

(អត្ថបទ​ដក​ស្រង់​ពី​កា​សែត www.kohsantepheapdaily.com.kh)

One Response to “ទាហានសៀមបាញ់អ្នកឡើងភ្នំដងរែកស្លាប់ម្នាក់ របួសម្នាក់ចាប់ខ្លួន៨នាក់”

  1. ហេង គីមតាយ says:

    ហេតុអ្វីបានជាពួកគេបាញ់ពលរដ្ឋខ្មែរ?

Leave a Reply