គំនិតផ្តួចផ្តើមនេះ ត្រូវបានលោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានលើកឡើងក្នុងកិច្ចប្រជុំជាង ៣ ម៉ោង ស្តីពីការអភិវឌ្ឍន៍វិស័យកសិកម្ម នៅវិមានរាជរដ្ឋាភិបាល រៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ធ្នូ ឆ្នាំ២០០៩ ។
កិច្ចប្រជុំពិសេសជាមួយនឹង លោក ថាក់ស៊ីន ដែលដឹកនាំ និងសម្របសម្រួលដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានការចូលរួមពីអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រមាណ ៣០ រូប មកពីក្រសួងសេដ្ឋកិច្ច ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារអភវិឌ្ឍន៍ជនបទ និងគណៈកម្មការទី៣ នៃរដ្ឋសភា ដែលជាតំណាងឲ្យស្ថាប័ននីតិបញ្ញតិ្ត ។
បន្ទាប់ពីត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាផ្នែកសេដ្ឋកិច្ច កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០០៩ លោក ថាក់ ស៊ីន បានធ្វើបាឋកថាស្តីពី វិបត្តិសេដ្ឋកិច្ច ជូនដល់អ្នកសេដ្ឋកិច្ចរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា ម្តងរួចមកហើយ ។
ដោយឡែកសម្រាប់ជំនួបលើកទី២ ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៥ ធ្នូ ឆ្នាំ២០០៩ លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានលើកឡើងតែវិស័យកសិកម្ម ជាពិសេសគឺការបង្កបង្កើនផលស្រូវ ដែលកម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការផលិតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ។
មុនពេលប្រគល់វេទិកាឲ្យលោក ថាក់ស៊ីន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ថា ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ការអភិវឌ្ឍន៍វិស័យកសិកម្ម រឹតតែមានសារៈសំខាន់ខ្លាំង និងជាអាទិភាពខ្ពស់ថែមទៀត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្នុងវិស័យកសិកម្ម ដែលមិនទាន់បានទាញយកប្រយោជន៍ឲ្យបានដល់កម្រិតអតិប្បរមា ហើយផលិតផលកសិកម្មកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារតំបន់ និង អន្តរជាតិ ។
លោក ថាក់ស៊ីន បានស្វែងយល់តាមរយៈការឧទ្ទិសនាមរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា អំពីផលិតផលកសិកម្ម សម្រាប់ការនាំចេញ រួមមាន: ដំណាំស្រូវ កៅស៊ូ ពោត និងសណ្តែក ជាដើម ។
លោក ថាក់ស៊ីន ក៏បានជម្រុញដល់ការបង្កបង្កើនផល និងការដាំដុះផលិតផលកសិកម្មតាមខ្នាតតូច ក្នុងលក្ខណៈជាគ្រួសារ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងគ្រួសារកសិករខ្មែរនីមួយៗផង និងដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់ផង ព្រមទាំងដើម្បីធ្វើពាណិជ្ជកម្មនាំចេញ ។ ក្នុងនោះ ផលិតផលស្រូវឈរនៅចំណុចអាទិភាពលើគេសម្រាប់ការនាំចេញ ។
ចំពោះមុខលោកអតីតនាយករដ្ឋមន្ត្រីថៃ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានលើកឡើងថា សម្រាប់ឆ្នាំ២០១០នេះ ការបង្កបង្កើនផលស្រូវនៅប្រទេសកម្ពុជា ទទួលបានជាង ៧,៣ លានតោន ។ ពោលគឺកម្ពុជា មានសន្តិសុខស្បៀងគ្រប់គ្រាន់ និងអាចសល់ស្រូវ ដែលគិតជាអង្ករសម្រាប់ការនាំចេញ ប្រមាណ ២,៦៤ លានតោន ។
តាមរយៈទិន្នផលស្រូវនេះ ត្រូវបានលោក ថាក់ស៊ីន គិតគូរថា កម្ពុជាអាចនាំចេញអង្ករសម្រាប់ឆ្នាំ២០១០ គិតជាទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារ ព្រោះថា អង្ករ ១ តោន តម្លៃប្រមាណ ៥០០ ដុល្លារ ។
ក្នុងនាមជាវាគ្មិនសេដ្ឋកិច្ច លោក ថាក់ស៊ីន ដែលទទួលបានជោគជ័យក្នុងការផ្តល់ទុនជាប្រាក់កម្ចីខ្នាតតូចដល់កសិករ ក្រីក្រ នៅប្រទេសថៃ អំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រីថៃ ក៏បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវយុទ្ធសាស្ត្រនេះ ដើម្បីអនុវត្តនៅក្នុងប្រទេសកម្ពុជា សម្រាប់ជួយដល់វិស័យកសិកម្ម ។
សេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សា អំពីការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលមានលោក ថាក់ស៊ីណ ជាវាគ្មិននោះ បានកត់សម្គាល់ថា ក្នុងបរិការពេលនេះ លោក ថាក់ស៊ីន បានសន្យាជួយថវិកា ដើម្បីធ្វើកសិដ្ឋានគំរូពីរ សម្រាប់បង្ហាញជូនដល់ប្រជាកសិករអំពីបច្ចេកទេសនៃការធ្វើកសិដ្ឋាន លក្ខណៈគ្រួសារ ។
ក៏ប៉ុន្តែខ្លឹមសារលម្អិតនៃគម្រោងនេះ មិនទាន់ប្រកាសឲ្យដឹងជាក់លាក់នៅឡើយទេ ។ ចំណែកលោក ថាក់ស៊ីន បានគូសបញ្ជាក់ចុងក្រោយក្នុងអង្គប្រជុំថា ការជួបជុំពេលនេះ គ្រាន់តែជាការស្ទាបស្ទង់មួយ ហើយនៅថ្ងៃក្រោយ អាចប្រហែលជា ១ ខែទៀត នឹងមានកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍន៍វិស័យកសិកម្មជាថ្មី ម្តងទៀត ៕
(ដកស្រង់ចេញពី CEN )

