អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ២១ រូប បានចុះទៅកាន់ព្រំដែនខេត្តស្វាយរៀង ដូចការគ្រោងទុក ដើម្បីពិនិត្យមើលតម្រុយបង្គោលព្រំដែន ដែលគណៈកម្មការចម្រុះព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និង វៀតណាម បានព្រមព្រៀង បោះកំណត់ព្រំដែនប្រទេសទាំងពីរ ក្នុងពេលកន្លងមក ។
ដំណើរទៅកាន់តំបន់ព្រំដែនខេត្តស្វាយរៀង ដែលហែរហមដោយក្រុមអ្នកកាសែតជាតិ អ្នកកាសែតអន្តរជាតិ និងក្រុមសកម្មជនគណបក្សសមរង្ស៊ីផងនោះ បានចេញដំណើរពីទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី នៅក្រុងភ្នំពេញ ពីម៉ោង ៧ ព្រឹក និងវិលត្រលប់មកភ្នំពេញវិញ នៅម៉ោង ៣ ល្ងាច នាថ្ងៃច័ន្ទ ទី១៤ ធ្នូដដែល ។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំង ២១ រូប បានចុះទៅកាន់ព្រំដែនវៀតណាម ក្នុងខេត្តស្វាយរៀង ២ កន្លែង ។ ទី១- នៅចំណុចបង្គោលឡាក់ព្រំដែនលេខ ១៥២ ក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង និងមួយចំនុចទៀត ទៅមើលបង្គោលតម្រុយព្រំដែនលេខ ១៨៥ នៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
គឺនៅបង្គោលតម្រុយព្រំដែនលេខ ១៨៥ នេះហើយ ជាទីកន្លែងដែលលោក សម រង្ស៊ី បាននាំអ្នកភូមិដកតម្រុយបង្គោលឈើទាំង ៦ ដើមនោះ កាលពីថ្ងៃទី ២៥ តុលា ឆ្នាំ២០០៩ ព្រោះសំអាងថា ការបោះបង្គោលនោះ បានរំលោភចូលដីស្រែរបស់កសិករខ្មែរ ។ ប៉ុន្តែក៏មានពាក្យបណ្តឹងប្រឆាំងលោក សម រង្ស៊ី ហើយលោក សម រង្ស៊ី ក៏ត្រូវរដ្ឋសភាដកអភ័យឯកសិទ្ធិកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០០៩ ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាមន្ត្រីនាំពាក្យគណបក្សសមរង្ស៊ី ដែលបានដឹកនាំអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ២១ រូប ចុះទៅកាន់ព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ការចុះទៅកាន់បង្គោលព្រំដែនលេខ ១៥២ ដែលបានបោះរួចរាល់ហើយនោះ មិនមានឧបសគ្គអ្វីទេ ។ ប៉ុន្តែពេលទៅដល់ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងមតិប្រាប់តំណាងរាស្ត្រគណបក្សសមរង្ស៊ី ពីការបាត់បង់ដីស្រែ ដោយសារតែការបោះបង្គោលកំណត់ព្រំដែនកម្ពុជា និងវៀតណាម ។
ចំណែកការចុះទៅកាន់តំបន់ព្រំដែនលេខ ១៨៥ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង កម្លាំងប៉ូលិសអន្តរាគមន៍ ប្រដាប់ដោយដំបង និង ខែល ប្រមាណ ២០ ទៅ ៣០ នាក់ បានដាក់ឡានស្ទាក់ផ្លូវចូលវត្ត និងក្រោយមកប៉ូលិស បានរារាំងមិនឲ្យក្រុមអ្នកភូមិ និងក្រុមតំណាងរាស្ត្រគណបក្សសមរង្ស៊ី ធ្វើការជួបជុំក្នុងវត្ត ។
ក្រុមប៉ូលិស ក៏បានរារាំងដំណើររបស់អ្នកភូមិ និងក្រុមតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដើរទៅកាន់កន្លែងបង្គោលតម្រុយ ដែលលោក សម រង្ស៊ី បានដឹកនាំអ្នកភូមិដកស្ថិតនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រ ពីវត្តអង្គរំដិញ ។
ទីបំផុតទៅ ក្រោយពីការប្រឈមមុខរយៈពេល ៣០ នាទី ទើបក្រុមអ្នកភូមិ និងក្រុមតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានដើរបុកខែលរបស់ក្រុមប៉ូលិស និងបានចូលទៅដល់កន្លែងបង្គោលតម្រុយកំណត់ព្រំដែនលេខ ១៨៥ ដោយមិនមានរបួសស្នាមអ្វីទេ ។
លោក យឹម សុវណ្ណ បានលើកឡើងថា នៅចំពោះមុខក្រុមតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក្រុមអ្នកភូមិបានថ្លែងសារទុក្ខដូចគ្នា ពីការបាត់បង់ដីស្រែ ដោយសារតែការបោះបង្គោលកំណត់ព្រំដែនកម្ពុជា និង វៀតណាម ។ ជាពិសេសនៅបង្គោលព្រំដែនលេខ ១៨៥, ១៨៤ និង ១៨៦ ជាដើម ។ ចំណែកវត្តអង្គរំដិញ ដែលស្ថិតនៅប្រមាណ ៣០០ ម៉ែត្រ ពីបង្គោលតម្រុយព្រំដែនលេខ ១៨៥ ក៏ត្រូវអាជ្ញាធរ ហាមឃាត់មិនឲ្យព្រះសង្ឃ សាងសង់អ្វីទៀតឡើយ ។
បន្ទាប់ពីថតរូប និងផ្តល់សម្ភាសន៍ដល់ក្រុមអ្នកកាសែតនៅកន្លែងតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាមរួចមក ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានវិលត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ នៅល្ងាចថ្ងៃច័ន្ទ ទី១៤ ធ្នូ ។
ចំពោះការបង្អាក់ដំណើររបស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី ទៅកាន់កន្លែង លោក សម រង្ស៊ី ដកបង្គោលតម្រុយព្រំដែន បានត្រូវលោក ជៀង អំ អភិបាលខេត្តស្វាយរៀងពន្យល់នៅព្រលប់ថ្ងៃច័ន្ទនេះថា អាជ្ញាធរប៉ូលិសចង់ការពារសន្តិសុខដល់ពួកគាត់ ព្រោះកន្លែងនោះ តុលាការខេត្តកំពុងចាត់ការលើពាក្យបណ្តឹងប្រឆាំង លោក សម រង្ស៊ី ដែលបានដកបង្គោលតម្រុយ កាលពីពេលថ្មីៗនេះ ។
លោកអភិបាលខេត្តស្វាយរៀង បានបន្ថែមថា អាជ្ញាធរខេត្តមិនបានរំលោភសិទ្ធិតំណាងរាស្ត្រទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សសមរង្ស៊ីទេ ដែលបានរំលោភសិទ្ធិអាជ្ញាធរមូលដ្ឋាន ដោយមិនបានប្រាប់អាជ្ញាធរចំពោះការចុះទៅកាន់ព្រំដែន ដែលកំពុងជាប់បណ្តឹងនៅតុលាការនោះ ។
ចំពោះការលើកឡើងរបស់ប្រជាកសិករខេត្តស្វាយរៀងពីការបោះបង្គោលកំណត់ ព្រំដែនថា បានរំលោភចូលដីស្រែរបស់ពួកគាត់នោះ ត្រូវបានលោកអភិបាលខេត្តស្វាយរៀង គូសបញ្ជាក់ថា ដំណើរការបោះបង្គោលកំណត់ព្រំដែនកម្ពុជា និង វៀតណាម ធ្វើតាមផែនទី ដែលមានកន្លែងខ្លះចូល និងកន្លែងខ្លះចេញ ។ មានន័យថា ផែនទី និង លើដីជាក់ស្តែង វាខុសគ្នា ដោយមានកន្លែងខ្លះចូលទៅដីវៀតណាម និង មានកន្លែងខ្លះចូលដល់ដីកសិករខ្មែរ ។ នៅវៀតណាម ក៏មានការតវ៉ាដោយប្រជាជនវៀតណាមដូចដែរ ៕
(ដកស្រង់ចេញពី CEN )
