តុលាការ​បង្គាប់​អោយ​លោក សម រង្ស៊ី ចូល​បំភ្លឺ​

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​អោយ​ចូល​បំភ្លឺ​ដំណើររឿង​ធ្វើអោយ​ខូច​តម្រុយ​បង្គោល​ព្រំដែន​ កម្ពុជា និង​វៀតណាម លេខ​១៨៥ និង​ការ​ញុះញង់​អោយ​មាន​ការរើសអើង​ជាតិ​សាសន៍ ។​
​តាម​ដីកា​នោះ​មេ​បក្ស​ប្រឆាំង​ត្រូវ​បង្ហាញខ្លួន​នៅ​ព្រឹក​ម៉ោង ៩ ថៃ្ង​ទី ២៨ ខែ​ធ្នូ ហើយ​បើ​មិន​ចូល​ខ្លួន​តាម​កាលកំណត់​តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​អោយ​ នាំខ្លួន ។ ការកោះហៅ លោក សម រង្ស៊ី ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​កោះហៅ លោក ពៅ ភាព ដែល​ជា​ជំទប់​ទី​២ នៃ​ឃុំ​សំរោង​ស្រុក​ចន្ទ្រា មកពី​គណបក្ស​សម រង្ស៊ី​អោយ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ដក​បង្គោល​តំរុយ ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ប្រព្រឹត្ត​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី ។ លោក​ចៅក្រម ឡុង កេស​ភី​រម្យ បាន​កោះហៅ លោក ពៅ ភាព អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ វេលា​ម៉ោង ២​រសៀល ។ ចៅក្រម​នៃ​តុលាការខេត្ត​ស្វាយរៀង​បាន​កោះហៅ​មនុស្ស​ពីរ​នាក់​មក​សាកសួរ​ រួចហើយ កាលពី​ថ្ងៃ​ទី ១៥ ធ្នូ ទាក់ទង​នឹង​សំណុំរឿង​នេះ ។​
​ក្រោយពី​មាន​ការកោះហៅ​សាកសួ​រលោក ពៅ ភាព នេះ នៅ​ឯ​ក្រៅប្រទេស លោក សម រង្ស៊ី បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ជា​ភាសា​អង់គ្លេស​ពី​ប្រទេស​បារាំង​ដោយ​ ដាក់​សំណួរ​ថា ហេតុអ្វី​បានជា​តុលាការ​មិន​ចាត់ការ​រូបលោក​? នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​គណបក្ស​សម​ រង្ស៊ី លោក សម រង្ស៊ី បាន​ហៅ​តុលាការ​កម្ពុជា ថា​ជា តុលាការ​សត្វ​កង់​ហ្ការូ Kangaroo( តុលាការ​សត្វ​កង់​ហ្ការូ គឺជា​តុលាការ​ដែល​មិន​គោរព​នីតិវិធី​) ។ ក្នុងន័យ​នេះ​លោក សម រង្ស៊ី បាន​ចោទសួរ​ថា ហេតុអ្វី​បានជា​តុលាការ​(​ខេត្ត​ស្វាយរៀង​)​មិន​កោះហៅ​រូបលោក​ដែល​ជា​ជន​ ត្រូវ​ចោទ​ចំបង​? តែ​បែរជា​កោះហៅ លោក ពៅ ភាព ដែល​ជំទប់​ទី​២ ឃុំ​សំរោង​ទៅវិញ​? លោក សម រង្ស៊ី បានសរសេរថា “ ខ្ញុំ​ចង់អោយ​តុលាការ​សត្វរ​កង់​ហ្ការូ ចោទប្រកាន់​ខ្ញុំ ” ។​
​កាលពី​ថ្ងៃ​ទី ២៥ ខែតុលា ប្រធាន​គណបក្ស​សម​រង្ស៊ី លោក សម រង្ស៊ី បាន​ដក​តំរុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ភូមិ​កោះ​ក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ។ សកម្មភាព​នេះ​បាន​ក្លាយទៅជា​កម្មវត្ថុ​នៃ​ការដាក់​ពាក្យបណ្តឹង​ពី​សំណាក់​ អាជ្ញាធរ​ខេត្ត​ស្វាយរៀង ។ អាជ្ញាធរខេត្ត​បាន​ចោទប្រកាន់ លោក សម រង្ស៊ី និង​គូកន​ថា បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ញុះញង់​អោយ​មាន​ការ​ប្រកាន់ពូជសាសន៍ ដោយសារ​លោក សម រង្ស៊ី បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​គិតតែ​ខាងលិច​ភ្លេច​ខាងកើត ។ ដើម្បី​បើកផ្លូវ​អោយ​តុលាការ​អាច​ចាត់ការ​តាម​នីតិវិធី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា រដ្ឋសភា​ក៏​បាន​សំរេច​លើក​ព្យួរ​អភ័យ​ឯក​សិទ្ធ​សភា​របស់​លោក សម រង្ស៊ី ។​
​សកម្មភាព​របស់​លោក សម រង្ស៊ី ក៏​បាន​ក្លាយជា​ប្រធានបទ​នៃ​ការរិះគន់​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។ កាលពី​ល្ងាច​ថ្ងៃទី ១៦ សម្តេចនាយក​រដ្ឋមន្ត្រី ក្នុងឱកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អត្ថាធិប្បាយ​ថា លោក សម រង្ស៊ី កំពុង​ជួយ​បំរើ​ផលប្រយោជន៍​អោយ​រដ្ឋាភិបាល​ថៃ​របស់​លោក អាប់​ភី​ស៊ីត ។ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា “ លោក សម រង្ស៊ី មិន​ដែល​ថ្កោលទោស​ប្រទេស​ថៃ​ទេ ចាប់តាំងពី​មាន​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ” ។ សម្តេច​ក៏​បាន​មាន​ប្រសាស៍​អោយដឹង​ផងដែរ​ថា វា​នឹង​លែងមាន​លទ្ធភាព​នៃ​ការសំរុះសំរួល​គ្នា​ដូច​គ្រា​មុនៗ​ទៀត​ហើយ​សំរាប់ ​លោក សម រង្ស៊ី ។ សំរាប់​សម្តេច​យ៉ាងហោចណាស់​ក៏​លោក សម រង្ស៊ី ត្រូវ​ជាប់ ២​ភាគ​៣ នៃ​ទោស​របស់​ខ្លួន​ដែល​តុលាការខេត្ត​ស្វាយរៀង​កំពុង​បន្ត​នីតិវិធី​នេះ​ដែរ ។​
​ឆ្លើយតប​នឹង​សម្តេច​នាយករដ្ឋមន្ត្រី​នោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែងថា “ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​របស់លោក​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍ និង​បូរណភាព​ទឹកដី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ខាងកើត និង​ខាងលិច ” ។ ទាក់ទង​នឹង​ជម្លោះ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​សព្វថ្ងៃ បើ​តាម​លោក យឹម សុវណ្ណ គណបក្ស​របស់​លោក​តែងតែ​អំពាវនាវ​អោយ​រដ្ឋាភិបាល​នាំ​យក​បញ្ហា​នេះ​ទៅ​ ដោះស្រាយ​នៅ​ថ្នាក់​អន្តរជាតិ ។​
​នៅពេលនេះ លោក សម រង្ស៊ី កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង ហើយ​គេ​មិនដឹងថា​ពេល​ណា​ទើប​លោក សម រង្ស៊ី ត្រលប់​មក​កម្ពុជា​វិញ​នោះដែរ ។​
​នៅពេលដែល សម រង្ស៊ី អវត្តមាន​នៅក្នុង​ប្រទេស តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ក្នុង​ស្រុក​ ចន្ទ្រា​ម្តងទៀត កាលពី​ថ្ងៃ​ទី ១៤ ដើម​សប្តាហ៍​នេះ ។ វត្តមាន​របស់​តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សម​រង្ស៊ី​ជា​ថ្មី​បាន​ធ្វើអោយ​មាន​ការ​ប្រទូស្ត​រាយ​ គ្នា​មួយឈុត​ជាមួយ​អាជ្ញាធរ​ស្រុក​ចន្ទ្រា​នោះ ។ ប៉ូលិស​ខេត្ត​ស្វាយរៀង​បាន​ចោទប្រកាន់​ថា សមាជិក​គណបក្ស​សម​រង្ស៊ី​បាន​បង្ក​អោយ​ប៉ូលិស​របួស​ជាច្រើន​នាក់ ។ ប៉ុន្តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ច្រាន​ចោល​ការចោទប្រកាន់​ នេះ ៕

Leave a Reply