លោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ មកដល់ពេលនេះមិនទាន់បញ្ចេញប្រតិកម្មអ្វីចំពោះការ អត្ថាធិប្បាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលរិះគន់លោកយ៉ាងចាស់ដៃនៅឡើយទេ ដោយលោកគ្រាន់តែចាត់ទុកការអត្ថាធិប្បាយ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជារឿងមិនសូវសំខាន់សំរាប់រូបលោកឡើយ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការវាយប្រហារដោយពាក្យសំដី យ៉ាងចាស់ដៃ ទៅលើលោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ និងលោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេស ទាក់ទិនទៅនឹងជំនួយរបស់ថៃចំពោះកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការរិះគន់ លោកអាប់ ភីស៊ីត និងលោកកាស៊ីត ភីរម្យ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា កន្លងមក ក្នុងឱកាសដែលសម្ដេចអញ្ជើញជា អធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រៃអង្គរក្នុងស្ថិតក្នុងឃុំដូនតី ស្រុក ពញាក្រែក ខេត្តកំពង់ចាម ។ ទាក់ទិនទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន យោងតាម ព័ត៌មានដែលចេញផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍របស់ថៃ ជាភាសាអង់គ្លេសកាលពីថ្ងៃទី១ ធ្នូ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា បានធ្វើព្រងើយកន្តើយចំពោះការអត្ថាធិប្បាយរបស់ សម្ដេចតេជោ ហ៊ុនសែន។
តាមព័ត៌មានដដែលឱ្យដឹងទៀតថា លោក អាប់ភីស៊ីត បានថ្លែងថា លោកមិនបានដឹងអំពីរបាយការណ៍ដែលថា សម្ដេចតេជោ ហ៊ុន សែន មិនសប្បាយចិត្តជាមួយលោក និង លោកកាស៊ីត ភីរម្យទេ ។ លោក អាប់ ភីស៊ីតបានថ្លែងថា “ខ្ញុំជឿថា បញ្ហាកើតឡើង ដោយសារតែមនុស្សម្នាក់ប៉ុណ្ណោះ”។ ការថ្លែងបែបនេះ របស់លោកអាប់ភីស៊ីត ប្រហែលជាលោកចង់សំដៅទៅលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែតាមពិតខាងភាគីថៃទៅវិញទេ ដែលជាអ្នកបង្កឱ្យ មានបញ្ហានោះ ។
លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ ទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានថ្លែងថា ស្ថានការណ៍ ទំនាក់ទំនងរវាងថៃ និងកម្ពុជាមានលក្ខណៈល្អប្រសើរ ទៅដល់កម្រិតមួយ ប៉ុន្តែពេលនេះរដ្ឋាភិបាលត្រូវតែ ព្យាយាមធ្វើជាមនុស្សអត់ធ្មត់ និងស្ងៀមស្ងាត់ ទោះបីជារងការរិះគន់បែបណាក៏ដោយ ។ លោកស៊ូថេប បានថ្លែងបន្តទៀតថា រដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្នអំពីទំនាក់ទំនងជាមួយប្រទេសជិតខាង។
“កុំរវល់ជាមួយការអត្ថាធិប្បាយរបស់សម្ដេច ហ៊ុន សែន ហើយបញ្ហានេះនឹងមិនរាលដាលដល់រដ្ឋជា សមាជិកអាស៊ានឡើយ” ។ ព្រំដែនជាមួយកម្ពុជានឹងមិនបិទឡើយ ព្រោះរដ្ឋាភិបាលព្រួយបារម្ភ អំពី ពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ។ លោកស៊ូថេប បានថ្លែងទៀតថា ការសំរេចចិត្តរបស់ថៃ ក្នុងការអនុញ្ញាតឱ្យកម្ពុជាខ្ចីប្រាក់ ចំនួន១.៤០០លានបាត ដើម្បីសាងសង់ផ្លូវនៅតាមបណ្ដោយព្រំដែន មិន ប្រែក្រឡាស់ឡើយ ។ ប៉ុន្តែទោះបីជាបែបណា កម្ពុជាបានសំរេចលុបចោល ប្រាក់កម្ចីនោះវិញហើយ ព្រោះកម្ពុជាមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនោះ ហើយមិនចាំបាច់ខ្ចីថៃនាំឱ្យមានពាក្យជំពាក់គុណទេ។
លោក Panitan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា ទោះបីជាមានការរិះគន់បែបណា ក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានឆន្ទៈសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងគំរោងផ្សេងៗទៀត ហើយចង់បានមធ្យោបាយដោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ។ លោក Panitan បានបន្តទៀតថា “វានឹងត្រូវប្រើពេលយូរបន្តិចដើម្បីស្តាទំនាក់ទំនងរវាងថៃនិងកម្ពុជា”។
នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា កម្ពុជានឹងមិនសប្បាយចិត្ត ដរាបណាលោកអាប់ភីស៊ីតនៅតែជានាយករដ្ឋមន្ត្រី និងលោកកាស៊ីត ភីរម្យ នៅតែជារដ្ឋមន្ត្រីការបរទេស លោក Panitan បានថ្លែងថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា គឺដើម្បីផ្ដល់ ផលប្រយោជន៍សំរាប់ប្រទេសទាំង២ មិនមែនសំរាប់បុគ្គលនោះទេ ហើយពលរដ្ឋនៃប្រទេសទាំង២ យល់ បានយ៉ាងច្បាស់អំពីស្ថានការណ៍រវាងថៃនិងកម្ពុជា។
ចំណែកឯសមាជិកសភាថៃ ចង់ឱ្យងាករកវៀតណាមឱ្យច្រើនជាងការចាប់អារម្មណ៍តែលើកម្ពុជា ។ កាលពី ថ្ងៃទី១ ធ្នូ កន្លងមក នៅឯរដ្ឋសភា លោកផាយប៊ូល នីទីតាវ៉ាន សមាជិកសភាថៃបានថ្លែងថា នយោបាយរវាង ប្រទេស ដែលរដ្ឋាភិបាលថៃដំណើរការទៅលើកម្ពុជា ក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្នលោកយល់ថា ធ្វើត្រឹមត្រូវហើយ ។
បច្ចុប្បន្នមានការកែប្រែកម្រិតសម្ព័ន្ធភាព ពីសម្ព័ន្ធភាពពិសេស មកដំណើរការក្នុងសម្ព័ន្ធភាពធម្មតា ដូចគ្នា នឹងប្រទេសផ្សេងទៀតនៅលើពិភពលោក ។ ស្របពេលជាមួយគ្នានេះ លោកបានសំដែងការយល់ឃើញថា រដ្ឋាភិបាលថៃ គួរតែងាកទៅបង្កើនសម្ព័ន្ធមេត្រីភាពដ៏ពិសេស ជាមួយរដ្ឋាភិបាលវៀតណាម ដោយថៃគួរ ធ្វើការពិចារណា ផ្ដល់ការជួយឧបត្ថម្ភជាច្រើនផ្នែក និងជាផលប្រយោជន៍នៅក្នុងអាស៊ាន ច្រើនជាងការ ចាប់អារម្មណ៍លើកម្ពុជា
(អត្ថទបដកស្រង់ពី www.kohsantepheapdaily.com.kh )
