អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅក្នុងការនិរទេសខ្លួនពីការតាមចាប់របស់អាជ្ញាធរថៃ បានមានគំរោងមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីថ្លែងពាក្យអរគុណចំពោះប្រមុខរដ្ឋាភិបាលខ្មែរ ដែលបានប្រកាសគាំទ្ររូបលោក។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយកាសែតបាងកកប៉ុស្តដែលបានដក ស្រង់សំដីអះអាងរបស់មន្រ្តីគណបក្សភឿថៃ ដែលជាគណបក្សគាំទ្រលោក ថាក់ស៊ីន និងជាគណបក្សប្រឆាំងនឹងរដ្ឋាភិបាលអាវលឿងរបស់ថៃបច្ចុប្បន្ន។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងភ្នំពេញលោក ខៀវ កាញារីទ្ធ បានថ្លែងថានៅថ្ងៃពុធនេះថា លោកបានឮព័ត៌មាននេះដូចគ្នា។ តែលោកមិនបានដឹងអំពីកាលបរិចេ្ឆទពិតប្រាកដនៃការមកដល់របស់លោក ថាក់ស៊ីន មិត្តដ៏ល្អម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ ហើយវាច្បាស់ណាស់សំរាប់លោក ខៀវ កាញារីទ្ធ ដែលថា លោកនាយករដ្ឋមន្ត្រីនឹងទទួលស្វាគមន៍លោក ថាក់ស៊ីន ក្នុងដំណើរជាលក្ខណៈឯកជនរបស់លោកមកកម្ពុជានោះ។ លោក ខៀវ កាញារីទ្ធ បន្តថា លោកមិនបានដឹងថា តើអ្នកនយោបាយដែលជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាទាំងពីររូបនេះ បានប្រាស្រ័យទាក់ទងគ្នា ឬក៏អត់នោះទេ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
កាលពីសប្តាហ៍កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ស្រាប់តែប្រកាសថាលោកនឹងផ្តល់ការជ្រកកោនដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅប្រទេសកម្ពុជា ហើយនឹងផ្តល់តួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចថែមទៀតអោយលោក ថាក់ស៊ីន។ ជាសេចក្តីថ្លែងមួយដែលបានធ្វើអោយរង្គើរដ្ឋាភិបាលក្រុងបាងកកដែល កំពុងប្រមាញ់តាមចាប់ខ្លួនលោកថាក់ស៊ីន។ លោក ថាក់ស៊ីន ដែលតុលាការថៃបានចោទប្រកាន់ថាមានពាក់ព័ន្ធនឹងអំពើពុករលួយ។ ប៉ុន្តែសំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីរបស់អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវទំលាក់ពីអំណាចដោយ រដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០០៦ គឺជាបញ្ហានយោបាយ។
ប្រមុខដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃរួមមាន លោកនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា លោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីការបរទេសថៃ ពួកគេបានថ្លែងថា ពួកគេនឹងរៀបចំធ្វើលិខិតមួយផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ពិស្តារអំពីករណីរបស់លោកថាក់ស៊ីន។ ក្រុមថ្នាក់ដឹកនាំថៃចង់ពន្យល់រដ្ឋាភិបាលកម្ពុជាថា ករណីរបស់លោក ថាក់ស៊ីន មិនមែនជាករណីនយោបាយនោះទេ ហើយថាប្រសិនលោក ថាក់ស៊ីន ចូលប្រទេសកម្ពុជា សូមកម្ពុជាចាប់ខ្លួនលោក ថាក់ស៊ីន បញ្ជូនអោយអាជ្ញាធរថៃផង។ ជាសំណើដែលកម្ពុជាបានប្រកាសមិនធ្វើតាមរួចទៅហើយ។
រហូតដល់រសៀលថ្ងៃពុធទី២៨ខែតុលានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានអះអាងថា កម្ពុជានៅមិនទាន់ទទួលបានលិខិតអ្វីពីទីក្រុងបាងកកនោះនៅឡើយដែរ។
អំពីស្ថានភាពនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកវិញ លោក កុយ គួង ដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរបានថ្លែងថា ស្ថានការណ៍បានត្រឡប់មកប្រក្រតីភាពវិញហើយ បន្ទាប់ពីក្រុមបាតុករថៃបានរំសាយគ្នាចេញមុខស្ថានទូតនោះ៕
(ដកស្រង់ចេញពី rfi )

ថាក់ស៊ីន ម្តងនេះទុកប្រយោជន៍សៀម មួយអន្លើសិនហើយ ត្រូវឆក់ឱកាសដើម្បីដណ្តើមអំណាចមកវិញ សិន។ ពេលបើសៀម កាន់តែពើង សៀមកាន់តែខាតប្រយោជន៍វា ច្រើនជាងខ្មែរ…។