ទ្រឹស្ដីពង្រីកទឹកដីនិយម រឺ ទ្រឹស្ដីជាតិនិយម ត្រូវបានបំផុសបំផុលឡើង ដោយជនជាតិសៀមម្នាក់ ឈ្មោះ ហ្លួងពលត្រី វិចិត្រវាទការ ។
ហ្លួងពលត្រី វិចិត្រវាទការ កើតនៅ ព.ស. ២៤៤១ នៅខេត្ដ ឧទ័យធានីហ្លួងវិចិត្រវាទការជាមនុស្សដ៏ពូកែ លោកជាជនទី១ នៅក្នុងប្រទេសសៀម ដែលមានអាយុ ១៩ឆ្នាំ បានប្រលងជាប់បរិញ្ញា ៥ប្រយោគហើយអាយុ ៣៦ឆ្នាំប៉ុណ្ណោះ គឺនៅឆ្នាំ ព.ស. ២៤៧៧ គ.ស ១៩៣២ បានឡើងកាន់ដំនែង រដ្ឋមន្រ្ដីក្រសួងការបរទេស។ ក្រោយពី «រដ្ឋប្រហារ» ឆ្នាំ១៩៣២ ហ្លួង វិចិត្រវាទការ បានចូលកាន់តំណែងជា នាយកក្រសួងវិចិត្រសិល្បៈ (Directeur du Dépatement des Beaux- Arts) ។ តាមរយៈបទភ្លេង រឿងល្ខោន និងក្នុងឋានៈខ្លួនជាអ្នកកាសែតផង វិចិត្រវាទការបានផ្សព្វផ្សាយនូវទ្រឹស្ដីជាតិនិយមថៃបានយ៉ាងឆាប់រហ័ស ដែលទ្រឺស្ដីនេះពឹងផ្អែកទាំងស្រុងទៅលើទស្សនៈ ប្រកាន់ជាតិសាសន៍ (une doctrine nationale thai de conception essentiellement arciste) វាយតំលៃខ្ពស់ទៅលើសាសន៍ថៃ ក្នុងចំនោមជាតិសាសន៍ដទៃទៀត ដែលរស់នៅជិតខាង លើដែនដីឥណ្ឌូចិន។ ទ្រឹស្ដីនេះត្រូវបានជ្រួតជ្រាបយ៉ាងឆាប់រហ័ស ក្នុងចំនោមនិស្សិត និង មហាជនសៀម។
ព.ស. ២៤៨១ គ.ស ១៩៣៨ ទ្រឹស្ដីជាតិនិយមនេះ (une doctrine nationale) ត្រូវបានអនុវត្ដន៍យ៉ាងពេញទំហឹង ដោយហ្លួងចមពល ភិបុលសង្រ្គាម ដែលកាលនេះលោកជានាយករដ្ឋមន្រ្ដីសម័យកាលទី១ ជារដ្ឋមន្ដ្រីក្រសួងមហាថៃ និងជា រដ្ឋមន្រ្ដីក្រសួងក្រលាហោម (រដ្នមន្រ្ដីក្រសួងសង្រ្គាម)។ ជាមួយនឹង ទ្រឹស្ដីជាតិនិយមនេះ ហ្លួងភិបុលសង្រ្គាមបានកែប្ដូរ «ឈ្មោះប្រទេសសយាមជា ប្រទេសថៃ ទាមទាទឹកដីឥណ្ឌូចិនពីបារាំងប្រកាសអោយអនុវត្ដន៍ជាតិថៃនិយម អោយប្រជាជនផ្លាស់ប្ដូររបៀបស្លៀកពាក់បែបបូរាណ (ឈប់អោយស្លៀកសំពត់ចងក្បិន ស្ដ្រីអោយស្លៀសំពត់) អោយឈប់បរិភោគស្លាម្លូ ដាក់ឈ្មោះប្រុសៗ អោយមានលក្ខណៈសំដែងភាពរឹងប៉ឹងខ្លាំងពូកែ ដាក់ឈ្មោះស្រីៗអោយសំដែងពីភាពទន់ភ្លន់ផ្អែមពិរោះ។
ដំបូងឡើង ទ្រឹស្ដីនេះប្រឆាំងទាំងស្រុង នឹង ជនជាតិចិន ដែលបានបោះបង់មាតុភូមិកំនើត ហើយមកតាំងនៅក្នុងប្រទេសសៀម តែពុំព្រមរំលាយខ្លួនចូលទៅក្នុងសហគមជាតិសៀម ហើយថែមទាំងកាន់កាប់ទាំងស្រុងនូវសេដ្ឋកិច្ចប្រទេសនេះទៀតផង។ ក្នុងវិស័យក្រៅប្រទេស ទ្រឹស្ដីនេះមានលក្ខណៈជាទ្រឹស្ដី «ពង្រីកទឹកដីនិយម» បង្កសង្គ្រាមឈ្លានពាន ព្រោះទ្រឹស្ដីនេះទាមទារអោយជនជាតិថៃក្នុងប្រទេសសៀម វាយដណ្ដើមនូវដែនដីនៃប្រទេសជិតខាងទាំងឡាយ ដែលមានជនជាតិ «អម្បូរកំនើតថៃ (Les peuples de race Thai) ស្នាក់អាស្រ័យនៅមានជាពិសេស «ជនជាតិស្ហាន់»(Shan) នៅប្រទេសភូមាប៉ែកខាងកើត ជនជាតិថៃ នៅប្រទេសចិនប៉ែកខាងត្បូងក្នុងអាណាខេត្ដយូណាន់ ក្នុងភូមិភាគស៊ីបសងប៉ាន់ណា (Sipsang Panna) ជាមជ្ឈមណ្ឌលកំនើតដើមនៃអម្បូរសាសន៍ថៃ ជនជាតិដែលមានសាខាមួយយ៉ាងធំនៃអម្បូរថៃដែរ ដែលពេលនោះស្ថិតនៅក្រោមអាណាព្យាបាលអំណាចបារាំងនៅឡើយ។ មិនតែប៉ុណ្ណោះ ទ្រឹស្ដីជាតិនិយមថៃនេះ រហូតទាមទារដណ្ដើមយកមកបញ្ចូលក្នុងសមាគមជាតិថៃ នូវដែនដីប្រទេសកម្ពុជាទាំងមូល និង អាណាខេត្ដម៉ាឡាយូខ្លះនៅជាប់នឹងប្រទេសថៃ មានភូមិភាគ កេដាក់ (Kedah) និង ត្រឹងគ្ហានូ (Trengganu) ជាដើម៘
ចំពោះដែនដីទាំងឡាយនៅប្រទេសកម្ពុជា និង ម៉ាឡាយូ ទ្រឹស្ដីនេះចែងយ៉ាងច្បាស់លាស់ថា តំបន់ទាំងនេះជាទឹកដីដែលជនជាតិសៀម មានសិទ្ធិជា «ប្រវត្ដិសាស្រ្ដ» (droits historiques) ទៅលើ បើដូច្នេះត្រូវតែវិលចូលទៅក្នុងប្រទេសសៀមវិញ ។ ហ្លួងវាទការ ពុះពាររហូតដល់ទៅក្រលៃប្រវត្ដិសាស្រ្ដជនជាតិខ្មែរ ដោយការពារទ្រឹស្ដីចែងថា ដែនដីកម្ពុជាសព្វថ្ងៃ កាលពីសម័យដើមជាដែនដីរបស់ពួក «ខម» ហើយពួក «ខម» ទាំងនេះត្រូវជនជាតិថៃ ច្បាំងរំលាយសំលាប់ផុតពូជទៅហើយ ឯជនជាតិខ្មែរដែលរស់នៅសព្វថ្ងៃនេះ លើទឹកដីកម្ពុជា គឺគ្រាន់តែជាសាខាមួយយ៉ាងធំនៃពូជអម្បូរថៃប៉ុណ្ណោះ... ដើម្បីពន្យល់អំពីការពិតនៃប្រវត្ដិសាស្រ្ដនេះ អ្នកទ្រឹស្ដីសៀមដដែលបានពន្យល់ថាសក្ខីភាពជាក់ស្ដែងថា«ខ្មែរ» ជាពូជអម្បូរថៃ គឺស្ថិតនៅក្នុងអារ្យធម៌ វប្បធម៌ ទំនៀមទំលាប់ សិល្បៈនៃប្រទេសទាំងពីរនេះឯង ដែលមានលក្ខណស្រដៀងគ្នាដូចបងប្អូនបង្កើត។ (ទ្រឹស្ដីក្រឡៃប្រវត្ដិសាស្រ្ដ គ្មានមូលដ្ឋានវិទ្យាសាស្រ្ដ) អ្វីបន្ដិចបន្តួចសោះនេះត្រូវអជ្ញាធរជាតិសៀមទទួលសន្មតថា ជាទ្រឹស្ដីផ្លូវការតាំងពីឆ្នាំ១៩៣៩ សម័យដែលភិបុលសង្គ្រាម ឡើងកាន់អំណាច ក្នុងឋានៈជានាយករដ្ឋាភិលបាលសៀម។
គេអាចសន្និដ្ឋានថា ទ្រឹស្ដីជាតិនិយមថៃនេះ នៅតែមានមជ្ឈដ្ឋានវរជនថៃសម័យបច្ចុប្បន្ន ភាគច្រើនមានចារិតថាណារ៉ាត ថ្នម កិត្ដិកាចន រឺ វរជនដទៃទៀត ជាអាទិសុទ្ធសឹងជាអ្នកបន្ដនយោបាយ ហ្លួងភិបុលសង្គ្រាម រឺ ក៏ច្រើនតែជាអ្នកនយោបាយក្ដី នាយទាហាក្ដី ដែលផុសចេញពីចលនា «រដ្ឋប្រហារ» ឆ្នាំ ១៩៣២ ដែរ។
យើងដឹងថា ថៃបានឈ្លានពានកម្ពុជានៅឆ្នាំ ១៩៤០ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ កាលណោះ ថៃដែលចូលដៃជាមួយជប៉ុន បានលេបយកខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរ ពេលនោះយើង ត្រូវរង់ចាំដល់ចប់សង្គ្រាមលោកលើកទីពីរ នៅឆ្នាំ ១៩៤៥ ពេលបារាំងមានឥទ្ធិពលឡើងវិញនៅឥណ្ឌូចិន ទើបឃើញថៃដែលត្រូវបានសហគមន៍អន្តរជាតិគាបសង្កត់ យល់ព្រមប្រគល់ខេត្ដបាត់ដំបង និង សៀមរាបមកអោយខ្មែរវិញ។
ថៃនៅតែមិនព្រមបោះបង់គំនិតឈ្លានពានទេ ក្រោយមកទៀត គ្រាន់តែកម្ពុជាបានទទួលឯករាជ្យពីបារាំងភ្លាម នៅក្នុងឆ្នាំ ១៩៥៣ ថៃចូលមកឈ្លានពានរករឿងទៀត ដោយបញ្ជូនទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ។ យើងត្រូវចំណាយអស់រយពេល ៩ឆ្នាំដើម្បីទាមទារប្រាសាទព្រះវិហារបានមកវិញ គឺនៅ ខែកក្កដាឆ្នាំ ១៩៦២ ក្រោយពីតុលាការអន្តរជាតិទីក្រុងLa Hay បានចេញសាលក្រមមួយទទួលស្គាល់ថា ប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរ ឋិតនៅលើទឹកដីខ្មែរ និងតំរូវអោយថៃ ដកទ័ពចេញពីទីនោះ។
កន្លះសតវត្សបានកន្លងផុតទៅ នៅមិនអស់ចិត្ដទេ កាលពីខែកក្កដាឆ្នាំ ២០០៨ ពួកជ្រុលនិយមថៃ បានចូលមករករឿងជាថ្មីម្តងទៀត ដោយបញ្ជូនកងទ័ពមកកាន់កាប់តំបន់ក្បែរប្រាសាទព្រះវិហារ មួយសប្តាហ៍ក្រោយពីអង្គការ UNESCOបានចុះប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។រដ្ឋាភិបាលខ្មែរបានអូសបន្លាយជំលោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារអោយបែកក្លាយអូរ ហូរទៅជាស្ទឹង ធ្វើអោយក្រុមជ្រុលនិយមថៃនេះ ចូលមកទាមទាម្ដងហើយម្ដងទៀត។ ថ្មីៗនេះ ព៌តមានស្ដីពីការដុតសំលាប់យុវជនខ្មែរម្នាក់ដោយទាហានថៃ និងបាតុកម្មកាលពីថ្ងៃទី ១៩កញ្ញារបស់ក្រុមអាវលឿងថៃ ដែលចង់ចូលមកប្រាសាទព្រះវិហារ ដើម្បីទាមទារដី ៤,៦គីឡូម៉ែត្រក្រឡា ដែលសូម្បីតែដឹងហើយថា ក្នុងជំលោះព្រំដែននេះជាមួយថៃ កម្ពុជាត្រូវទាំងស្រុងនៅលើផ្លូវច្បាប់។ អនុសញ្ញាឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ អនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ សុទ្ធតែត្រូវបានភាគីថៃ ចុះហត្ថលេខា ទទួលស្គាល់ជាផ្លូវការ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី ១៨មិថុនាឆ្នាំ២០០៨ កម្ពុជា និង ថៃថែមទាំងបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ដែលនៅក្នុងនោះថៃបានប្រកាសគាំទ្រសំនើរបស់កម្ពុជា អោយចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់មនុស្សជាតិទៅទៀត តែក្រោយមក ពីរសប្តាហ៍ ដោយមានការប្រឆាំងពីពួកក្រុមជ្រុលនិយមយ៉ាងខ្លាំង ថៃបានប្រកាសដកការគាំទ្ររបស់គេវិញ។
ប្រតិកម្មរបស់ប្រមុខដឹកនាំកម្ពុជា បានព្រមានថៃណាដែលហ៊ានចូលក្នុងទឹកដីខ្មែរ ព្រមានហែកផែនទីឯកតោភាគីរបស់ថៃចោល ប្រសិនបើថៃនៅតែលើកយកផែនទីនេះមកចរចា និង បានព្រមានលើកយកបញ្ហាព្រំដែនទៅតទល់ជាមួយមេដឹកនាំថៃ ក្នុងជំនួបកំពូលអាស៊ាននៅហ៊ួរហ៊ីន នាចុងខែតុលាខាងមុខ។
ប្រតិកម្មដ៏ខ្លាំងក្លា របស់ប្រមុខដឹកនាំរដ្ឋាភិលបាលខ្មែរ ដែលអះអាងថា ជាប្រតិកម្មដ៏សមរម្យ ពីព្រោះកម្ពុជាក្នុងនាមជាប្រទេសអធិបតេយ្យមួយពេញលេញ មិនអាចអនុញ្ញាតអោយប្រទេសមួយទៀត បន្តមាក់ងាយខ្លួនជ្រុលហួសហេតុអីចឹងតទៅទៀតបានឡើយ។ សមរម្យ ពីព្រោះ នៅក្នុងអតីតកាលក៏ដូចបច្ចុប្បន្នកាល កម្ពុជាជាប្រទេសរងគ្រោះហើយថៃជាប្រទេសឈ្លានពាន ឃើញថាកម្ពុជាត្រូវទាំងស្រុង ប៉ុន្ដែរដ្ឋាភិបាលកម្ពុជានៅតែ អូសបន្លាយជំលោះព្រំដែនប្រទេសខាងលិចនេះ អោយបែកជាអូរ ហូរក្លាយស្ទឹង ជាកំហុសរបស់រដ្ឋាភិបាល ដែលបង្កើតបញ្ហានេះ «ជាកំហុសធ្ងន់ធ្ងរណាស់ដែលការធានាជាអន្តរជាតិត្រូវបានសំរេចជាស្ថាពរតាំងពី ឆ្នាំ១៩៦២ ហើយថៃមិនដែលតវ៉ាទាល់តែសោះ»។
សក្ខីភាពជាក់ស្ដែងជាច្រើននៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា បញ្ជាក់ថា ប្រទេសថៃ មិនដែលបោះបង់ទ្រឹស្ដី ជាតិនិយមនេះចោលម្ដងណាឡើយ ។ មុំសេនី ប្រាមោជ (Mom Seni Pramoj) អតីតគូប្រឆាំង នឹង ហ្លួងភិបុលសង្គ្រាមកាលពីសម័យសង្គ្រាមលោកលើកទី២ ហើយជាមេធាវីថៃអមតុលាការអន្ដរជាតិនាក្រុងឡាអេ (La Haye) ក្នុងរឿងប្រាសាទព្រះវិហារក៏ជាអ្នកប្រកាន់ខ្ជាបខ្ជួននូវទ្រឹស្ដីជាតិនិយមនេះដែរ សារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចេញថ្ងៃទី១៣/៣១ ខែតុលា ១៩៥៩ បានសរសេរជាអាទិថា ៖ មុំសេនី ប្រាមោជបាននិយាយថា ពពួក «ខម» ជាជនពូជអម្បូរឥណ្ឌា។ ជនជាតិថៃមានដើមកំនើតក្នុងខេត្ដចិន យូណាន់បានវាយយកជោគជ័យទៅលើជាតិ «ខម» រហូតដល់ពួកនេះត្រលប់ទៅឥណ្ឌាវិញ។ ដែនដីដែលកាលពីដើមពួក ខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនជាពីរក្រុម។ ក្រុមទីមួយបានមកតាំងនៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃនេះថា «កម្ពុជា» (Cambodge) ។ ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ ហើយនៅរក្សាឈ្មោះ«ថៃ» ដដែល។
តាមការពិត (តាមប្រសាសន៍ មុំ សេនី) ក្រុមទាំងពីរនេះចេញពីពូជអម្បូរតែមួយ គឺពូជអម្បូរថៃ (la race thai) នេះឯង។
ភស្ដុតាងនៃការពោលអះអាងបែបនេះ គឺមានប្រពៃណី ទំនៀមទំលាប់ របៀបរស់នៅនៃជនទាំងពីរ (ខ្មែរ និង ថៃ) ដែលមានលក្ខណៈដូចគ្នាបេះបិទ)…
តើយើងគួរគប្បីបដិសេធទ្រឹស្ដីនេះ ដែលមានលក្ខណផ្ទុយទាំងស្រុង នឹង លក្ខណវិទ្យាសាស្រ្ដរឺ?
យើងមិនចាំបាច់ធ្វើអត្ថាធិប្បាយវែងឆ្ងាយអំពីន័យរបស់ទ្រឹស្ដីនេះទេ ព្រោះអស់លោកអ្នកប្រវត្ដិសាស្រ្ដ លើកលែងហ្លួងវិចិត្រវាទការម្នាក់ឯងគត់ ពុំដែលបានចាត់ទុកថា ជាទ្រឹស្ដីត្រឹមត្រូវតាមការពិតនោះឡើយ។ ហេតុដូច្នេះហើយទ្រឹស្ដីនេះមានតំលៃត្រឹមជា ភស្ដុតាងជាក់ស្ដែងនៃសេចក្ដីលោភលន់នៃជាតិមួយទៅអ្នកជិតខាងខ្លួនតែប៉ុណ្ណោះ...
ក្រោយពីពេលដែលហ្លួងភិបុលឡើងកាន់អំនាចជានាយករដ្ឋាភិបាលក្រុងបឹងកកនាចុងឆ្នាំ ១៩៣៨ ភ្លាម ទ្រឹស្ដីជាតិនិយមថៃរបស់ហ្លួង វិចិត្រវាទការ ក៏ត្រូវបានរបបថ្មីនេះប្រកាសថាជាទ្រឹស្ដីផ្លូវការ (la doctrine officielle) នៃរដ្ឋាភិបាលសៀម។
គឺនៅក្នុងគំនិតជាតិនិយមហួសបែបបទ ឈ្លានពាន និង ពង្រីកទឹកដីនិយមនេះហើយ ដែលរដ្ឋាភិបាលហ្លួងភិបុលសង្គ្រាមនាឆ្នាំ ១៩៣៩ មុនសង្រ្គាមលោកលើកទី២ បន្ដិច និង មុនដំនើរមកដល់អាស៊ីអគ្នេយ៍នៃកងទ័ពលុកលុយជប៉ុនបានប្រកាសយ៉ាងឧឡារិកផ្លាស់ឈ្មោះប្រទេសសៀម រឺ បើតាមភាសាសៀម ប្រាថេតសយាម រឺ មឿងសយាម (Prathet Sayam) ដែលសៀមនិយមប្រើរាប់សតវត្សមកហើយ អោយប្រែទៅជា «ប្រាថេតថៃ» រឺ ថៃឡង្ដ ជាផ្លូវការវិញ។
ការដែលអ្នកដឹកនាំសៀមសំរេចយកឈ្មោះជាផ្លូវការ «Thailand» (Pays thai) រឺ ប្រទេសថៃ នេះបញ្ជាក់យ៉ាងច្បាស់លាស់ណាស់ អំពីបំនងអ្នកដឹកនាំសៀម ក្នុងការប្រមូលផ្ដុំដាក់អោយនៅក្រោមឳវាទរដ្ឋាភិបាលក្រុងបឹងកក នូវដែនដី និង ប្រជាជនប្រទេសជិតខាងដែលជនជាតិថៃប៉ងប្រើសិទ្ធិ ដើម្បីវិលត្រឡប់មក «មាតុប្រទេសថៃ» វិញ។
លទ្ធផលភ្លាមៗ នៃការអនុវត្ដទ្រឹស្ដីជាតិនិយមហួសបែបបទ មានលក្ខណហ្វាស៊ីស្ដនិយម និង យោធានិយមនេះ គឺការចាប់អនុវត្ដន៍គ្មានសំចៃនូវនយោបាយបញ្ចូលជាតិទាំងកំរោល (une politique d’assimilation forcée) បង្ខំជនជាតិបរទេសអោយចូលជាតិសៀម ឥតបើគិតដល់ច្បាប់អន្ដរជាតិសោះឡើយ។ អ្នកដែលទទួលរងគ្រោះអំពីសំនាក់នយោបាយជិះជាន់ ប្រឆាំង នឹង សិទ្ធិធម្មជាតិនៃមនុស្ស (droit naturel) នេះ រហូតទៅដល់ការហាមឃាត់មិនអោយនិយាយរឺ ប្រើភាសាណាក្រៅអំពីភាសាសៀមតែមួយ គឺ ជនជាតិចិន ម៉ាឡាយូ ខ្មែរ លាវ មន៘
ម្យ៉ាងទៀត នយោបាយពង្រីកទឹកដីនិយម ឈ្លានពាន បង្កសង្រ្គាមនេះ មិនអាចអនុវត្ដន៍ទៅបានទេ ប្រសិនបើប្រទេសសៀម ពុំទាន់មានកំលាំងយោធាសមល្មម ទៅតាមគំរោងការវាតទឹកដីនេះទេនោះ។ ដូច្នេះហើយបានជាតាំងតែពីឆ្នាំ១៩៣៧ មកម៉្លេះ ហ្លួងភិបុលបានប្រឹងប្រែងផ្ដល់ដល់ប្រទេសសៀម នូវកំលាំងយោធាមួយថ្មី ដែលមានលក្ខណទំនើបស្របទៅតាមបច្ចេកទេសវិទ្យាសាស្រ្ដនៃបស្ចឹមប្រទេស ដែលមានប្រទេសជប៉ុនបានផ្ដល់អោយជាគំរូស្រាប់។ ដើម្បីសំរេចនូវគំរោងការនេះក្នុងមួយឆ្នាំៗ ចំនាយខាងយោធាកាន់តែមានទំហំធំឡើងៗ រហូតដល់ទៅស្រូបអស់ ១/៣ នៃថវិកាជាតិ។ ប្រទេស អ៊ីតាលីហ្វាស៊ីស្ដនិយមបានទទួលបន្ទុកដើម្បីរៀបចំកងទ័ពជើងទឹកជាថ្មីឡើងវិញ។ ចំនែកខាងសហរដ្ឋអាមេរិក សម័យនោះ បានរៀបចំកងទ័ពជើងអាកាស ដោយបានផ្ដល់ដល់បឹងកក នូវយន្ដហោះថ្មី ព្រមទាំងគ្រឿងសស្រ្ដាវុធមួយចំនែកយ៉ាងធំ។ ហើយក្រោយពី ស.រ.អា. ជប៉ុនយោធានិយម ក៏ចូលមកជួយផ្ដល់យន្ដហោះ និងសស្រ្ដាវុធទំនើបៗទៀត។ ឧទាហរណ៏ គ្រាន់តែក្នុងខែធ្នូ ១៩៤០ប៉ុណ្ណោះ អាកាសចណ៍យោធាសៀមទទួលអំពីដៃជប៉ុននូវយន្ដហោះប្រដេញចំនួន៣៨ និងយន្ដហោះទំលាក់គ្រាប់បែក ២៥ទៀត៘
កំលាំងយោធាសៀមថ្មីនេះ បូកជាមួយ នឹង ទ្រឹស្ដីពង្រីកទឹកដី «ថៃ» នាដើមឆ្នាំ១៩៤០ ក្លាយទៅជាការគំរាមកំហែងដ៏ធ្ងន់ទៅលើប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ប្រទេសលាវ នេះតែម្ដង។
(khmercenter )

Please identify the reference of this article !!!
Sam.
ចោសៀមប្លន់ទឺកដីប្រទេសជិតខាងស្មានថាស្រួល?
មើលតែពួកអីស្លាមធ្វើទុក្ខចោសៀមមិនចេះចប់។