ប្រវត្តិសាស្ត្រ​​ប្រទេស​កម្ពុជា ចាប់តាំង​ពី​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ​រហូត​មក – អាដេម៉ារ ឡឺក្លែរ

History-of-Cambodia1ខ្ញុំ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​ចំនួន​ម្ភៃ​ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​សិក្សា​ច្បាប់​ផ្សេង​ៗ​របស់​ប្រទេស​នេះ​ជា​បន្តបន្ទាប់ ។ ការសិក្សា​នេះ​ទាមទារ​ឱ្យ​ខ្ញុំ​ចំណាយ​ពេល​អស់​ដប់​ប្រាំ​ឆ្នាំ និង​បោះពុម្ព​សៀវភៅ​ជា​ប្រាំ​ក្បាល គឺ​ពីរ​ក្បាល​សម្រាប់​អត្ថបទ​ច្បាប់​ដែល​បកប្រែ​ចេញ​ពី​ឯកសារ​ដើម និង​បី​ក្បាល​ទៀត​សម្រាប់​ការអត្ថធិប្បាយ ។ បន្ទាប់​ពី​ច្បាប់ ខ្ញុំ​បាន​សិក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រទេស​នេះ ដោយ​ផ្អែក​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​សង្កេត​មើល​ឃើញ និង​តាម​កម្រង​ច្បាប់​សីលធម៌​ដែល​គេ​បាន​សរសេរ​សម្រាប់​ប្រដៅ​សាធារណជន ។ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​សរសេរ​អត្ថបទ​ផ្សេង​ៗ ស្ដី​អំពី​កាយវិភាគសាសស្ត្រ, វេជ្ជសាស្ត្រ, ធ្មប់, ការអប់រំ, តារាសាស្ត្រ, សីលធម៌, លេខនព្វន្ត និង​ការដាំស្រូវ​របស់​ប្រជាជន​កម្ពុជា ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ, ព្រឹត្តិបត្រ​នៃ​សមាគម​នរវិទ្យា​ទីក្រុង​បារីស, និង​ទស្សនាវដ្ដី​ប្រវត្តិសាស្ត្រ​ច្បាប់​បារាំង និង​បរទេស ។

ការសិក្សា​នេះ​នៅ​មាន​ផង​ដែរ​នូវ​អត្ថបទ​ខ្លី​ៗ​ចំនួន​ម្ភៃ, សៀវភៅ​ចំនួន​ដប់​ក្បាល និង​សម្រង់​រឿង​និទាន​ចំនួន​បួន​ក្បាល ដែល​ជា​រឿង​និទាន​ហិណ្ឌូ តែ​គេ​បាន​កែសម្រួល​ឱ្យ​ទៅ​ជា​រឿងរ៉ាវ​ប្រជាប្រិយ​ខ្មែរ ។ ការសិក្សា​ទាំងនេះ​ហាក់​ដូច​ជា​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​ការបោះពុម្ព​សៀវភៅ​មួយ​ក្បាល​ធំ ដែល​មាន​ចំណងជើង​ថា ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា ។ ខ្ញុំ​អាច​នឹង​បញ្ចប់​ការសិក្សា​របស់​ខ្ញុំ​ត្រឹម​នេះ ក៏ប៉ុន្តែ​ខ្ញុំ​នៅ​ចង់​ដឹង​អំពី​ការរៀបចំ​ប្រទេស​បែប​ថ្មី ថា​តើ​រាជរដ្ឋាភិបាល​នោះ​វា​យ៉ាង​ណា ហើយ​វាំង​ស្ដេច​កម្ពុជា​នោះ​យ៉ាង​ដូចម្ដេច ។ ការសិក្សា​បន្ថែម​ថ្មី​នេះ​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​កិច្ចការ​មួយ​ទៀត ដែល​មួយ​ចំណែក​បាន​បោះពុម្ព​ចេញ​ជា​សៀវភៅ​រួច​ហើយ ហើយ​ចំណែក​ទី​ពីរ​កំពុង​រៀបចំ​បោះពុម្ព ។

ក៏ប៉ុន្តែ​នៅ​មាន​សៀវភៅ​ចាំបាច់​មួយ​ទៀត​ដែល​ទាមទារ​ឱ្យ​ខ្ញុំ​ត្រូវតែ​សរសេរ គឺ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ចាប់តាំង​ពី​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ​រហូត​មក​ទល់​សព្វថ្ងៃ ដែល​ជា​កិច្ចការ​ដ៏​ធំ​មួយ ។ ខ្ញុំ​នៅ​រារែក​អស់​ពេល​ជា​យូរ​ទម្រាំ​សម្រេច​ចិត្ត​ប្រើប្រាស់​កំណត់ត្រា និង​ឯកសារ​ជា​ច្រើន​ដែល​ខ្ញុំ​ប្រមូល​បាន​ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ​កន្លង​មក ព្រោះ​វា​នៅ​មាន​ការខ្វះ​ចន្លោះ​ជា​ច្រើន និង​មាន​ទំព័រ​ខ្លះ​មើល​មិន​យល់​ផង ។ ការខ្វះ​ចន្លោះ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខូច​ទឹកចិត្ត​ជា​ច្រើន​លើក​ច្រើន​សា ។ ខ្ញុំ​មាន​នៅ​ក្នុង​ដៃ​រួច​ហើយ​នូវ​អត្ថបទ​បកប្រែ​នៃ​សៀវភៅ​ឈ្មោះ Corpus របស់​ប៊ែហ្គែន និង​បាថ, អត្ថបទ​ចារឹក​លើ​ថ្ម​បកប្រែ​ដោយ​អ្នក​ប្រាជ្ញ​សំស្ក្រឹត, និង​អ្វីៗ​ដែល​គេ​បាន​ដឹង​ពី​ប្រទេស​កម្ពុជា​តាម​រយៈ​ពួក​ចិន អាណ្ណាម និង​សៀម, រួច​មាន​សាស្ត្រា​ស្លឹករឹត, មាន​សៀវភៅ​ស្ដី​អំពី​កំណត់ត្រា​របស់​អឺរ៉ុប, ស្នាដៃ​របស់​បញ្ញវន្ត​សម័យ​ថ្មី​ដែល​ខិតខំ​ប្រមែប្រមូល​ទុក​នូវ​អ្វីៗ​ដែល​គេ​បាន​កត់ត្រា​ទុក​ពី​មុន, ហើយ​ខ្ញុំ​មាន​សេចក្ដី​បកស្រាយ​ផ្ទាល់​មាត់ មាន​រឿង​ព្រេង​និទាន​ទាក់ទិន​ទៅ​នឹង​វត្ថុ​ផ្សេងៗ​ទាំងអស់ មាន​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​បាន​កប់​បាត់​ក្នុង​ដួង​ព្រលឹង​របស់​ប្រជាជន​កម្ពុជា​យូរ​មក​ហើយ ហើយ​ដែល​ត្រូវ​សើរើ​យក​មក​វិញ ។ ទាំងអស់​នេះ​ដូច​ជា​នៅ​តិចតួច មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ តែ​ស្នាដៃ​នេះ​ហាក់​ដូច​ជា​គួរតែ​សាកល្បង​មើល​ណាស់ ។ ទីបញ្ចប់ នៅ​ឆ្នាំ​១៩០៧ ខ្ញុំ​ក៏​បាន​ចាប់ផ្ដើម​សរសេរ​ដោយ​ដៃ​ដែល​មិន​ធ្លាប់​មាន​អ្នកណា​ដឹង ដូច​ជា​រឿង​ស្ដេច​កន ហើយ​និង​រឿង​ខ្លីៗ​ចំនួន​ដប់​ទៀត​ដែល​គេ​បោះបង់​ចោល​នៅ​តាម​វត្ត​អារាម​នានា ។ ខ្ញុំ​បាន​ធ្វើ​ការទាក់ទង​ជា​ញឹកញយ ជួនកាល​ជា​ប្រចាំ ជាមួយ​បញ្ញវន្ត​មួយ​ចំនួន ជាមួយ​សាសនិកជន​ចាស់ៗ ដែល​ចេះចាំ​រឿងរ៉ាវ​ពី​អតីតកាល និង​ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ សម្រាប់​ប្រវត្តិសាស្ត្រ​ដែល​គេ​មិន​ដែល​បាន​សរសេរ​ទុក ហើយ​មិនបាន​ចេះ​ចាំ​ល្អ ឬ​ចេះ​មិន​ប្រាកដ ឬ​ក៏​មិន​បាន​ចេះដឹង​ទាល់​តែ​សោះ ។

ខ្ញុំ​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​នូវ​ការពិត និង​និយាយ​ឱ្យ​ងាយ​យល់​ថែម​ទៀត ។ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការធ្វើ​ឱ្យ​មាន​ពន្លឺ​ខ្លះ​នៅ​ក្នុង​សន្ធិប្រកាស​នៃ​ប្រទេស​មួយ​ដែល​ប្រហែល​ជា​ធ្លាប់​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដែរ ឬ​យ៉ាងណា​ទេ ។ ហើយ​ក៏​មិន​ដឹង​ថា​តើ​ខ្ញុំ​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​នេះ​មែន​ដែរ​ឬ​ក៏​អត់ ។ តែ​ខ្ញុំ​សង្ឃឹម​ថា​យ៉ាង​ដូច្នេះ ទោះ​បី​ជា​ខ្ញុំ​ដឹង​ច្បាស់​ថា មាន​ការងារ​ប្រសើរ​ជាង​នេះ ដែល​ត្រូវ​ធ្វើ និង​ហេតុការណ៍​ជា​ច្រើន​ដែល​ត្រូវ​រក​ឱ្យ​ឃើញ និង​មាន​រឿង​ពិត​ខ្លះ​ដែល​ខ្ញុំ​មិន​បាន​បញ្ចេញ​ក៏​ដោយ ។

ខ្ញុំ​សូម​អភ័យទោស​ពី​សំណាក់​អ្នក​អាន​ទាំងអស់​ចំពោះ​កំហុស​ឆ្គង​ដែល​អាច​មាន ភាព​មិន​គ្រប់គ្រាន់​នៃ​ឯកសារ​ដែល​ខ្ញុំ​សរសេរ​ឡើង ។ សូម​មេត្តា​ជ្រាប​ថា ក្នុង​ការសរសេរ​សៀវភៅ​នេះ​ឡើង ខ្ញុំ​គ្មាន​ចេតនា​នឹង​បង្ខិតបង្ខំ​អ្នក​ឯកទេស​ដ៏​កម្រ​ចំពោះ​ការសិក្សា​បែប​នេះ ថា​ត្រូវតែ​ទទួល​យក​នូវ​អ្វី​ដែល​ខ្ញុំ​សរសេរ​នោះ​ទេ ។ ខ្ញុំ​សប្បាយ​រីករាយ​ជានិច្ច​នឹង​ទទួល​យក​នូវ​ការទិតៀន​ទាំងឡាយ ជា​ពិសេស​នឹង​អាន​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​មួយ ដែល​សរសេរ​គ្រប់គ្រាន់ និង​ល្អ​ជាង​សៀវភៅ​របស់​ខ្ញុំ​នេះ ។

នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត សម្រាប់​អ្នក​ដែល​មក​បន្ត​វេន​ពី​ខ្ញុំ ។ មាន​ឯកសារ​ជា​ច្រើន​ដែល​ត្រូវ​រៀបចំ​ជា​ថ្មី ដែល​ខ្ញុំ​គ្មាន​ពេល​នឹង​ប្រមែប្រមូល​យក​ដោយ​វ័យ​ជរា​របស់​ខ្ញុំ ។ សូម​បញ្ជាក់​ពី​ឯកសារ​ខ្លះ​ដែល​ប្រវត្តិវិទូ​បន្ត​ពី​ខ្ញុំ​ត្រូវ​សិក្សា : ជា​ដំបូង​គឺ​រាជពង្សាវតារ​សម្ងាត់​មួយ​ដែល​ឮ​គេ​ថា​រក្សាទុក​នៅ​ក្នុង​ព្រះ​បរមរាជវាំង ហើយ​ដែល​ហាក់ដូច​ជា​មាន​អាថ៌កំបាំង​ផង ។ ស្ដេច​នរោត្ដម​បាន​ចាក់​សោ​ឯកសារ​នេះ​ទុក ហើយ​ហាមឃាត់​មិន​ឱ្យ​គេ​ផ្សព្វផ្សាយ​វា​ទេ បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ ។ តែ​ស្ដេច​ស៊ីសុវត្ថិ ដែល​ឆ្លាត​ជាង​បង និង​ស្ដេច​មុនៗ ឬ​បើ​ពុំ​នោះ​ទេ អាច​និយាយ​ថា​ដែល​មាន​គំនិត​ទាន់​សម័យ​ជាង ហាក់​ដូច​ជា​នឹក​ចង់​ប្រគល់​ឯកសារ​នេះ​ឱ្យ​ទៅ​អ្នក​ណា​ម្នាក់​ដែល​ចេះ​ទូល​សុំ​ពី​ព្រះអង្គ និង​ចេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ជនជាតិ​កម្ពុជា​ដែល​ធ្លាប់​មាន​តួនាទី​ធំ​មួយ​នៅ​ក្នុង​ឥណ្ឌូចិន នៅ​ក្នុង​អតីតកាល តែងតែ​ចង់​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ខ្លួន​ចេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ ព្រមទាំង​ឯកសារ​ផ្សេងៗ​ដែល​ខ្លួន​មាន​ផង​ដែរ ។

បន្ទាប់​មក​ទៀត​មាន​សាស្ត្រា​ចែង​អំពី​ប្រវត្តិសាស្ត្រ​ស្រុក​នីមួយៗ ដែល​នៅ​កប់​តាម​វត្ត​អារាម តែ​អាច​នឹង​មាន​សារសំខាន់​ខ្លាំង ដូច​ជា​រឿង​ស្ដេច​កន ឬ​កន​មេក្បត់ និង​ធម្មនុញ្ញ​ក្រុង​សំបុក (អាណាខេត្ត​ក្រចេះ) ដែល​ខ្ញុំ​បាន​កែ​សម្រួល ហើយ​លើក​ឡើង​ក្នុង​សៀវភៅ​នេះ​ផង​ដែរ ។

ជាទី​បញ្ចប់ មាន​រឿង​និទាន​តាម​មូលដ្ឋាន រឿង​ខ្លីៗ​ទាក់ទិន​ទៅ​នឹង​ទីកន្លែង​មួយ​ដែល​គ្មាន​នរណា​ស្គាល់ តែ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​មិន​ដឹង​ថា​កើត​មាន​នៅ​ពេល​ណា នៅ​ទីណា​ផង​ទេ ។

នៅ​មាន​ឯកសារ​អឺរ៉ុប​ខ្លះ​ទៀត​ដែល​កប់​នៅ​ម៉ានីល ជប៉ុន ម៉ាកាវ និង​នៅ​ក្នុង​កាលប្បវត្តិ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ឥណ្ឌូរ​ចិន​កាល​ពី​សតវត្សរ៍​ទី​១៧​រហូត​ដល់​១៩ ហើយ​ដែល​មិន​ទាន់​មាន​អ្នកណា​ស្រាវជ្រាវ​នៅ​ឡើយ ។ លោក កាបាតុង បាន​ចាប់ផ្ដើម​ធ្វើ​ការបកប្រែ​ឯកសារ​មួយ​ចំនួន​ទៀត​ដែល​គាត់​កំពុង​តាមដាន​រក​នៅ​កោះ​ជ្វា (ហ្សារ៉ា) កោះ​ហ្គូអា (ឥណ្ឌា) ម៉ានីល និង​ទីកន្លែង​ផ្សេងៗ​ទៀត ។ បើសិន​ជា​គាត់​ធ្វើ​ការងារ​នេះ នោះ​លោក កាបាតុង​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​សារសំខាន់​របស់​ឯកសារ​ទាំង​នោះ ដែល​គេ​ត្រូវ​ដឹង ហើយ​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន ។ ហើយ​ខ្ញុំ​សូម​ធ្វើ​គារវកិច្ច​ដោយ​រីករាយ​ចំពោះ​សៀវភៅ​នេះ រួច​ខ្ញុំ​សប្បាយ​ចិត្ត​បើ​សិន​ជា​អារម្ភកថា​នេះ​ជំរុញ​ថា​ត្រូវតែ​សរសេរ​វា​ឡើង ។

អាដេម៉ារ ឡឺក្លែរ
ប៉ារីស, ថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ​១៩១៣

បុព្វកថា​របស់​អ្នក​ប្រែសម្រួល

សៀវភៅ «ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ចាប់តាំង​ពី​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ​រហូត​មក» (L’histoire du Cambodge depuis le 1er siècle de Notre Ere) ដែល​និពន្ធ​ដោយ​លោក ADHEMARD LECLÈRE អតីត​រ៉េស៊ីដង់​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ ១៩១៤ គឺ​នៅ​មុន​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ទៅ​ទៀត ។

ក្រោយ​ពី​បាន​អាន​សៀវភៅ​នេះ​ចប់ ខ្ញុំ​ឃើញ​ថា ស្នាដៃ​និពន្ធ​របស់​លោក ADHEMARD LECLÈRE មាន​លក្ខណៈ​ទូលំទូលាយ និង​មាន​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ។ លក្ខណៈ​សម្បត្តិ​បែប​នេះ មាន​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ អ្នក​និពន្ធ ពិសេស​សិស្សានុសិស្ស និស្សិត​ខ្មែរ​យើង ។ ជាការពិត ការសិក្សា​នៅ​សាលា​ចំណេះ​ទូទៅ នៅ​មហាវិទ្យាល័យ អំពី​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​នេះ​ពិត​ជា​ពុំ​គ្រប់គ្រាន់​ទេ ដើម្បី​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​កន្លង​មក ការយល់​ដឹង និង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត ទាក់ទិន​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺ​ជា​ការ​បំពេញ​បន្ថែម​ដ៏​សំខាន់​សម្រាប់​ការយល់ដឹង​កាន់តែ​ជ្រៅជ្រះ​ថែម​ទៀត​នូវ​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន ។

ស្ថិត​លើ​ហេតុផល​ខាងលើ និង​ដោយ​យល់ឃើញ​ថា​សៀវភៅ​នេះ​មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ ទើប​ខ្ញុំ​សម្រេចចិត្ត​ចំណាយ​ពេល​វេលា​ធ្វើ​ការប្រែសម្រួល​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ និង​បោះពុម្ភ​ជា​សៀវភៅ​តាម​រយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នូវ​ស្នាដៃ​និពន្ធ​នេះ ដើម្បី​បម្រើ​ដល់​ការអាន និង​បំពេញ​បន្ថែម​ចំណេះដឹង​សម្រាប់​សាធារណជន​ទូទៅ ។

ម្យ៉ាង​ទៀត ខ្ញុំ​សូម​បញ្ជាក់​ថា ការបកប្រែ​ឈ្មោះ​មនុស្ស និង​ទី​កន្លែង​ពី​ភាសា​បារាំង​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ ពិត​ជា​ល្អៀង​ខុស​គ្នា​ពី​ឯកសារ ឬ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​របស់​អ្នក​ស្រាវជ្រាវ​ពី​មុនៗ​បន្តិចបន្តួច​មិន​ខាន ទោះ​ជា​ខ្ញុំ​ខំ​ផ្ទៀងផ្ទាត់​យ៉ាង​ណា​ក៏​ដោយ ។

ខ្ញុំ​សង្ឃឹម​ថា សៀវភៅ​មួយ​នេះ​នឹង​រួមចំណែក​ផ្ដល់​នូវ​ពុទ្ធិ​អំពី​ប្រវត្តិសាស្ត្រ​ប្រជាជាតិ​យើង និង​ធ្វើ​ឱ្យ​យើង​មាន​មោទនភាព​ជាតិ​កាន់តែ​ខ្ពស់​ថែម​ទៀត​ជា​មិន​ខាន ។

ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន
ប្រជាជាតិ​នោះ នឹង​ត្រូវ​ប្រវត្តិសាស្ត្រ​ដដែលៗ​ថ្កោល​ទោស ។

ទេព ម៉េងឃាន (ទីឃាយុ)

យក​សៀវភៅ

5 Responses to “ប្រវត្តិសាស្ត្រ​​ប្រទេស​កម្ពុជា ចាប់តាំង​ពី​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ​រហូត​មក – អាដេម៉ារ ឡឺក្លែរ”

  1. taprumy says:

    អរគុណ​លោក ទឹម បឿន សម្រាប់​អត្ថបទ និង​ដំណឹង​ស្ដី​ពី​សៀវ​ភៅ​នេះ ។

  2. បាទ​មិនអី​ទេ

    សៀវភៅ​នេះ​ល្អ​ណាស់ គ្រាន់បើ​ជាង​សៀវភៅ​ប្រវត្តិ​ផ្សេងៗ​ដែល​ខ្ញុំ​ធ្លាប់​អាន អ្វី​ដែល​ខ្ញុំ​​សរសើរ​​ជាប់​រហូត ត្រង់​អក្ខរាវិរុទ្ធ​ កម្រ​ឃើញ​សរសេរ​ខុស​ណាស់ ។

  3. មែន​ហើយ ខ្ញុំ​ក៏​យក​សៀវភៅ​នេះ​មក​សម្អាង​ដែរ។ ល្អ​ត្រង់​វា​មិន​លម្អៀង​ដូច​សៀវភៅ​ភាគ​ច្រើន​សរសេរ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ និង​ក្រោយ​ៗ​មក​ទៀត!
    លោក បឿន​ចង់​វាយ​អត្ថបទ​ពី​សៀវភៅ​នេះ ទាំង​មូល​ឬ? កុំ​ប្រាប់​ណា៎?

  4. ហាហា អត់​មាន​លទ្ធភាព​ទេ​លោក​ភ័ក្ត្រ !

  5. ជីវ៍ណ says:

    កម្ពុប្រែថាចោខុសឪយស្រឡះ។កម្ពុប្រែថាស្លួតបូតពួជអ្នកជា។
    អ្នកតែងសៀវភៅនេះមិននិយាយត្រឺមត្រួវទាំងអស់ទេ។

Leave a Reply